Alynana Media Cambodia
Icon Collap
clinic narit

អាម៉េរិកបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនដែកជប៉ុន ក្រោយបារម្ភមានទំនាក់ទំនងជាមួយចិន

Media LNN | Feb 26, 2024
អាម៉េរិកបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនដែកជប៉ុន ក្រោយបារម្ភមានទំនាក់ទំនងជាមួយចិន
Clinic narith

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កំពុងឃ្លាំ និងត្រួតពិនិត្យមើលទំនាក់ទំនងរបស់ក្រុមហ៊ុន Nippon Steel របស់ជប៉ុនទៅនឹងប្រទេសចិន ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់លើពាណិជ្ជកម្មដែកជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈក្រុមហ៊ុននេះ កំពុងដាក់ផែនការទិញយកក្រុមហ៊ុន US Steel ដែលជាគូប្រជែងនៅទីផ្សារអាម៉េរិក។ បញ្ហានេះត្រូវបានគេទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយអាម៉េរិកបារម្ភថា ចិនអាចប្រើប្រាស់ដៃគូនៅក្នុងប្រទេសទី៣ ដើម្បីធ្វើពាណិជ្ជកម្មជាមួយនឹងអាម៉េរិក។

រដ្ឋបាលប្រធានាធិបតីអាម៉េ​រិកបច្ចុប្បន្ននៅតែបន្តផ្តល់អាទិភាពខ្ពស់លើការខិតខំគាំពារឧស្សាហកម្មរបស់សហរដ្ឋអាម៉េ​រិក ហើយដោយមានការព្រួយបារម្ភពីការប៉ះពាល់មកលើផលប្រយោជន៍ពលរដ្ឋអាម៉េ​រិក នៅពេលនេះរដ្ឋបាលអាម៉េ​រិកកំពុងតែដាក់ការឃ្លាំមើលជាពិសេសលើក្រុមហ៊ុនដែក Nippon Steel របស់ជប៉ុន ខណៈមានការសង្ស័យថា ក្រុមហ៊ុននេះមានទំនាក់ទំនងនឹងផលិតកម្មដែកជាមួយនឹងប្រទេសចិន។

មន្រ្តីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា លោក ចូ បៃដិន នៅតែបន្តអនុវត្តនយោបាយពន្ធប្រឆាំងចិនពេញទំហឹងបន្តពីរដ្ឋបាលលោក ដូណាល់ ត្រាំ ដូច្នេះហើយទើបសហរដ្ឋអាម៉េ​រិក ដាក់ការឃ្លាំមើលពិសេសមួយនេះលើក្រុមហ៊ុនផលិតដែកជប៉ុន Nippon Steel។ ការដាក់ការឃ្លាំមើលនេះធ្វើឡើងក្រោយមានការសង្ស័យថា ក្រុមហ៊ុននេះ អាចមានទំនាក់ទំនងផលិតកម្ម ឫក៏ទីផ្សារនៅចិន ខណៈដែលអាម៉េ​រិករឹតត្បិតខ្លាំងបំផុតនៅលើការប្រើប្រាស់ដែក ដែលមានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសចិន។

ផែនការរបស់ក្រុមហ៊ុន Nippon Steel ក្នុងការទិញក្រុមហ៊ុន US Steel ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញមួយរបស់អាម៉េ​រិក បានបង្កឱ្យមានកម្តៅនយោបាយនៅក្នុងសហរដ្ឋអាម៉េ​រិក ដែលជាកន្លែងកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យដោយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាម៉េ​រិក។

ការដាក់ការសង្ស័យបែបនេះ គឺដោយសារតែគេដឹងថា Nippon Steel មានមូលដ្ឋានផលិតកម្មដែកចំនួន៩កន្លែងនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ត្រូវបានគេអះអាងថា គឺជាឆ្អឹងខ្នងមួយ ដ៏សំខាន់នៃកំណើនតួនាទីរបស់ចិននៅក្នុងផលិតកម្មដែក ដែលផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោក។ នៅរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសចិនជាមហាអំណាចដែកដ៏ចម្បងមួយនៅលើពិភពលោក។ នៅក្នុងឆ្នាំ២០០០ ប្រទេសចិនផលិតដែកបានជាង១២៧លានតោន ខណៈដែលអាម៉េរិក​ផលិតបានត្រឹមតែ១០២លានតោនប៉ុណ្ណោះ ហើយមកដល់ឆ្នាំ២០២២ ចិនអាចមានសមត្ថភាពផលិតដែកបានរហូតដល់ទៅ១ពាន់លានតោន៕