ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអភិវឌ្ឍជំនាញបច្ចេកទេសវិជ្ជាជីវៈ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលមានផលិតភាពខ្ពស់សម្រាប់ទាក់ទាញការវិនិយោគបន្ថែម និងជាចន្ទល់ដ៏រឹងមាំសម្រាប់កម្ពុជាប្រែក្លាយជាប្រទេសរីកចម្រើននាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីអភិវឌ្ឍន៍ជំនាញ សម្រាប់សេដ្ឋកិច្ចនាពេលអនាគត”ដែលធ្វើឡើងនារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
នៅចំពោះមុខដៃគូអន្តរជាតិដូចជាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា ការបណ្តុះបណ្តាលជំនាញនេះ នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលសម្បូរដោយកម្លាំងពលកម្មជំនាញប្រកបដោយភាពទាក់ទាញ សម្រាប់វិនិយោគបរទេសដែលកំពុងបង្វែរការបោះទុនមកកាន់តំបន់អាស៊ីអាគេ្នយ៍ ហើយតាមរយៈជំនាញរបស់ពលរដ្ឋ និងការវិនិយោគនេះ នឹងធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចក្នុងពិធីប្រកាសដែរថា ការអភិវឌ្ឍជំនាញ គឺពិតជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ ព្រមទាំងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលនឹងជួយដោះស្រាយគម្លាតជំនាញ និងកង្វះខាតជំនាញក្នុងឧស្សាហកម្មដែលជាចន្ទល់ដ៏រឹងមាំសម្រាប់ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ៕