(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។
ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសចាប់ផ្តើមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅដោយ ជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្ស ៤ ចូលរួមប្រកួតប្រជែង និងមានអង្គបោះឆ្នោតចូលរួម រហូតដល់ ៩៩,៨៦%។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា បានបង្ហាញពីភាពចាស់ទុំផ្នែក នយោបាយ និងវឌ្ឍនភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង៦ខែកន្លងមកគឺយើងបានដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣។
១. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បានធ្វើការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដល់ប្រជាជនសរុប ៦,៨ លាននាក់។
២. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។
៣. ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុម- ជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុង គ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន
៤. ការជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៥. ការរៀបចំយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយ ផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦. ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ សកម្មភាពកសិកម្មនៅទូទាំងប្រទេស
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនល្អប្រសើរពេកទេ ហើយការជួបជាមួយវិនិយោគិនកន្លងទៅ មិនមែនជួប១ថ្ងៃគាត់ដាក់ទុននោះទេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សារព័ត៌មានបរទេស ដែលចង់ដឹងពីទំហំវិនិយោគ ឲ្យឆែកជាមួយ CDC ហើយបើចង់ដឹងអំពីពាណិជ្ជកម្ម ត្រូវទាក់ទងទៅក្រសួងពាណិជ្ជកម្ម។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដើម្បីជំរុញ និងបង្កើនល្បឿនបន្ថែម លើកិច្ចការកែទម្រង់មួយចំនួន ក្នុងគោលដៅកែលម្អ និងឈានទៅកសាងសមត្ថភាព និងយន្តការស្ថាប័នរឹងមាំ៖
១. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យរដ្ឋបាលសាធារណៈ
២. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យអប់រំ
៣. វិធានការគន្លឹះ ក្នុងការកែទម្រង់វិស័យសុខាភិបាល
៤. វិធានការគន្លឹះ ក្នុងការលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
៥. វិធានការគន្លឹះ ក្នុងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ប្រព័ន្ធយុត្តិធម៌។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ មានទុនវិនិយោគ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង១៧ម៉ឺនកន្លែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មីមាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កង្វល់របស់ប្រជាពលរដ្ឋ ក៏ជាកង្វល់របស់រាជរដ្ឋាភិបាល។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើចង់ដឹងពីការងារ កុំទៅមើលកន្លែងដែលបិទ ទៅមើលកន្លែងដែលបើក ឬសួរទៅ NEA។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ កម្ពុជានាំចេញបានក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើប្របៀបនឹងរយៈពេលដូចគ្នា គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចយើងមានកំណើន៕