Alynana Media Cambodia
Icon Collap
clinic narit

លំហូរវិនិយោគរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន

Media LNN | Mar 16, 2024
លំហូរវិនិយោគរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន
Clinic narith

(សេអ៊ូល)៖ លំហូរវិនិយោគផ្ទាល់របស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនកាលពីឆ្នាំមុនបានធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេលជាង ៣ទសវត្សរ៍ដែលបង្ហាញពីការធ្លាក់ចុះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅពេលដែលសហរដ្ឋអាមេរិកជំរុញប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រថា ការវិនិយោគផ្ទាល់ពីបរទេសដោយក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៧៨,១% មកនៅត្រឹម ១,៨៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២។ ក្រសួងហិរញ្ញវត្ថុកូរ៉េបានឱ្យដឹងថា វាជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ១៩៩២ ដែលប្រទេសចិនបានធ្លាក់ចេញពីគោលដៅកំពូលទាំងប្រាំសម្រាប់ការវិនិយោគផ្ទាល់ពីប្រទេស (FDI) របស់កូរ៉េខាងត្បូង ដោយវិស័យផលិតកម្មនាំមុខគេក្នុងការធ្លាក់ចុះ។

តួលេខនេះឆ្លុះបញ្ចាំងពីការប្រែប្រួលសារៈសំខាន់នៃប្រទេសចិនសម្រាប់សេដ្ឋកិច្ចកូរ៉េខាងត្បូងដែលពឹងផ្អែកខ្លាំងលើតម្រូវការ និងការផលិតពីបរទេស ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមធ្វើឱ្យឥទ្ធិពលរបស់ទីក្រុងប៉េកាំងចុះខ្សោយខាងផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ការធ្លាក់ចុះតួរលេខនេះក៏គូសបញ្ជាក់ពីភាពទុទិដ្ឋិនិយមរបស់ក្រុមហ៊ុនអាជីវកម្មបរទេសចំពោះប្រទេសចិនផងដែរ ដោយការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះកាលពីឆ្នាំមុនបានកើនឡើងចំនួនទាបបំផុតគិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។

កាលពីឆ្នាំមុនផងដែរ ក្រុមហ៊ុនជប៉ុនបានបន្ថែមទឹកប្រាក់វិនិយោគចំនួនតិចបំផុតក្នុងរយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍។ ក្រុមហ៊ុនតៃវ៉ាន់ក៏កាន់តែស្ទាក់ស្ទើរក្នុងការបង្កើនទឹកប្រាក់វិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិនផងដែរ ដោយការវិនិយោគថ្មីកាលពីឆ្នាំមុនមានចំនួនទាបបំផុតចាប់តាំងពីឆ្នាំ២០០១មក។

កត្តាជំរុញមួយដែលនាំឱ្យមានការធ្លាក់ចុះលំហូរវិនិយោគរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសចិនគឺការដួលរលំការលក់រថយន្តកូរ៉េនៅទីនោះ។ កត្តាភូមិសាស្ត្រនយោបាយ សង្រ្គាមតម្លៃដ៏ខ្លាំងក្លា និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់រថយន្តអគ្គិសនីបានរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕