Alynana Media Cambodia
Icon Collap
clinic narit

បុណ្យទន្លេរយៈពេល៣ថ្ងៃទេសចរជាតិ-អន្តរជាតិជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត នៅខេត្តសៀមរាប

Media LNN | Mar 18, 2024
បុណ្យទន្លេរយៈពេល៣ថ្ងៃទេសចរជាតិ-អន្តរជាតិជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត នៅខេត្តសៀមរាប
Clinic narith

 

(សៀមរាប)៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ ចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា អ្នក​ទេសចរ​បាន​ចូល​រួម​កម្សាន្ត​ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺនាថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៤ មានទេសចរសរុបប្រមាណ ១៦០ ម៉ឺននាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥ ម៉ឺនាក់ ហើយ​ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និង​ទេសចរ​បរទេស​ ប្រមាណ ១១.២៧២ នាក់។

ថ្ងៃទី២ គឺនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបប្រមាណជិត ១០ ម៉ឺននាក់ ក្នុងនោះ​ទេសចរ​ជាតិ ប្រមាណ ២៨៥.០០០ នាក់ ដោយមាន​បង​ប្អូនប្រ​ជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ប្រមាណ ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១ ២៥៥ នាក់។

ចំណែក​ថ្ងៃទី៣ គឺនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៩៦ ២៤៣ នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ប្រមាណ ៥៨.០០០ នាក់ និងទេសចរបរទេសប្រមាណ ១១.២៤៣ នាក់។

បើតាម​មន្ទីរទេសចរណ៍រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរ​សរុប​ប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិប្រមាណ ៥២០.០០០ នាក់ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបប្រមាណ ២៨១.០០០ នាក់ និងទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ក្រោម​ប្រធាន​បទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងការប្រកាសបើកយុទ្ធនាការ «ទស្សនា​សៀមរាប​ឆ្នាំ​២០២៤»។ ពិព្រឹត្តិការណ៍​នេះបាន​ប្រារព្ធ​ពិធី​បើក​ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​សម្ដេច​មហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

គោលបំណង​ នៃ​ពិធីបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពល​ទេសចរណ៍​ខេត្ត​នានា ​តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងនោះ ឱ្យ​ចូល​រួម​យ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យ​ទន្លេមានតួនាទីយ៉ាសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និង​អភិវឌ្ឍន៍​ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួម​សម្រេច​យុទ្ធសាស្រ្ត​ពិពិធ​កម្ម​ទេសចរណ៍​ឱ្យ​កាន់​តែ​សំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុង​ឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ខេត្ត​សៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលមានលក្ខណៈពហុវិស័យ ក្នុងចំណោមប៉ូលទាំង៥ សម្រាប់​ទ្រទ្រង់សេដ្ឋកិច្ចទៅក្នុងសៀមរាប និងខេត្តដទៃទៀត ជាពិសេស វិស័យទេសចរណ៍ តាមរយៈ​ការ​ទាក់ទាញពីសក្តានុពលពីខេត្តសៀមរាប តភ្ជាប់ទៅកាន់សក្តានុពល និងគោលដៅ​ទេសចរណ៍​សំខាន់ៗដទៃទូទាំងប្រទេសដែលតម្រូវឱ្យដាក់ចេញនូវវិធានការណ៍ពិសេស និងគន្លឹះ​ក្នុង​ការ​ទាក់​ទាញក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា ដោយកម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទស្សនា​សៀមរាប ឆ្នាំ២០២៤» និងត្រូវបានប្រកាស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងវេទិកា​រដ្ឋាភិបាល-ឯកជន លើកទី១៩ នៅវិមានសន្តិភាព ដោយមានវិធានការចំនួន ៨ ក្នុងការ​ស្តារ​វិស័យទេសចរណ៍ខេត្តសៀមរាបរួមមាន ១. ការរៀបចំឡើងវិញក្រុមប្រឹក្សាទេសចរណ៍ ២. ការរៀប​ចំ និងដាក់ចេញផែនការសកម្មភាពជាក់លាក់ «ទស្សនាសៀមរាប ឆ្នាំ២០២៤1» ៣. រៀបចំបដិសណ្ឋារកិច្ចតាមច្រកព្រំដែន ៤. ការពង្រីកវិសាលភាពបណ្ណព្រំដែន ៥. ការផ្ដល់​ហិរញ្ញ​ប្បទាន​ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ៦. ការលើកទឹកចិត្តផ្នែកពន្ធដារ ៧. លើកលែង​ការ​ពិន័យអន្តរការណ៍ជាប្រាក់ចំពោះ​ការ​ហួស​សុពលភាព​អាជ្ញា​បណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍​ទេសចរណ៍ ៨.ការតភ្ជាប់ជើងហោះហើរដោយត្រង់​ពីគោលដៅទេសចរណ៍ល្បីមកសៀមរាប៕

photo_2024-03-18_09-32-03