Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលថៃអាចនឹងហាមឃាត់ការនាំចូលពោត ពីប្រទេសជិតខាង នៅឆ្នាំក្រោយ

Media LNN | Mar 19, 2024
រដ្ឋាភិបាលថៃអាចនឹងហាមឃាត់ការនាំចូលពោត ពីប្រទេសជិតខាង នៅឆ្នាំក្រោយ
Clinic narith

(បាងកក)៖ រដ្ឋាភិបាលថៃអាចនឹងហាមឃាត់ការនាំចូលពោត ពីប្រទេសជិតខាងរួមទាំងកម្ពុជាផងដែរ នៅឆ្នាំក្រោយ ក្នុងគោលបំណងដោះស្រាយបញ្ហាកំណើន ការបំពុលធូលី PM2.5 នៅភាគខាងជើង។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅចុងសប្តាហ៍មុនបានធ្វើដំណើរទស្សនកិច្ច ទៅទីក្រុងឈៀងម៉ៃ ដើម្បីតាមដានវិធានការបង្ការ និងរបាយការណ៍ដែលផ្តល់ដោយទីភ្នាក់ងាររដ្ឋអំពីភ្លើងឆេះព្រៃ និងការបង្ការផ្សែង។

លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ ខណៈថ្លែងទៅកាន់អ្នកសារព័ត៌មានថា ប្រទេសថៃបានពិភាក្សាអំពីបញ្ហានេះ ជាមួយក្រសួងនានានៃប្រទេសកម្ពុជា និងឡាវ ក៏ដូចជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាផងដែរ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា យើងមិនអាចជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេសដទៃបានទេ ប៉ុន្តែមានរឿងគួរឱ្យព្រួយបារម្ភ។ តើយើងអាចធ្វើអ្វីបាន ដើម្បីបញ្ឈប់អ្នកជិតខាងរបស់យើងពីការដុត [កាកសំណល់កសិកម្ម]?» លោកបានចោទជាសំណួរយ៉ាងដូច្នេះ។ លោក សេដ្ឋា បានថ្លែងថា បញ្ហានេះមិនអាចដោះស្រាយបានទេ លុះត្រាណាតែការនាំចូលពោត ពីប្រទេសជិតខាងត្រូវបានហាមឃាត់ ក្នុងអំឡុងរដូវកាលសម្បូរពោត។

លោកនាយករដ្ឋមន្ត្រីថែមទាំងបានផ្ដួចផ្ដើមគំនិត ឱ្យមានការដំឡើងពន្ធផងដែរ ប៉ុន្តែលោកបានបន្ថែមថា ទីភ្នាក់ងាររដ្ឋនានា ដែលពាក់ព័ន្ធប្រហែលជាគិតថា វាគ្រាន់តែជាការនិយាយប៉ុណ្ណោះ។

លោកបានថ្លែងថា៖ «ប៉ុន្តែយើងពិតជាត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលនេះ។ នៅឆ្នាំក្រោយចាប់ពីខែមករាដល់ខែមេសា ការនាំចូលពោតនឹងត្រូវបានហាមឃាត់»។

លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនអាចប្រកែកបានទេថា បញ្ហាធូលី PM2.5 គឺបណ្តាលមកពីបញ្ហាសេដ្ឋកិច្ច ដោយការដុតកាកសំណល់កសិកម្ម ដើម្បីសម្អាតផ្ទៃដីសម្រាប់ការដាំដុះជាថ្មី។ អ្នកភូមិជនបទខ្លះថែមទាំងដុតព្រៃទៀតផង ដើម្បីចាប់សត្វព្រៃធ្វើជាចំណី៕