(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនចិន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យា សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសម័យបរិវត្តន៍កម្មឌីជីថល វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕