Alynana Media Cambodia
Icon Collap
clinic narit

ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ

Media LNN | Mar 20, 2024
ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ
Clinic narith

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតក្រសួងអភិវឌ្ឍន៍ជនបទ៖

* សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ជនបទកម្ពុជាបាន និង កំពុងប្រែប្រួល និង ផ្លាស់ប្ដូរមុខមាត់ថ្មី ពីមួយ ថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ។

* សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា អត្រាគ្របដណ្ដប់នៃការប្រើប្រាស់ទឹកស្អាត និង បង្គន់អនាម័យ បានកើនប្រមាណ ៨៥% ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាជន នៅតំបន់ជនបទ រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល, លើកកម្ពស់ជីវភាព និង ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ។

* សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងដឹកនាំប្រទេសលើមាគ៌ាដ៏ត្រឹមត្រូវ ដែលបន្តកេរដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦, ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវ សុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ នៅទូទាំងប្រទេស។

* សម្តេចធិបតិ ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលថ្មី ប្ដេជ្ញាចិត្តឥតងាករេ បន្តថែរក្សាសុខសន្តិភាព និង អនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាឆ្លើយតបទៅនឹង សំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលពិភពលោក មានការប្រែប្រួល និង មានភាពមិនប្រាកដប្រជាក៏ដោយ។

* សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍នៅទីជនបទធ្វើយ៉ាងណាកាត់បន្ថយគម្លាតនៃការរស់នៅរវាងប្រជាពលរដ្ឋនៅទីជនបទ និងទីក្រុង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទ បានជាង ៥ម៉ឺនគីឡូម៉ែត្រ គ្រប់ដណ្តប់ជាង ៧០ភាគរយ នៅទូទាំងប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី នឹងបន្តការអភិវឌ្ឍន៍នៅទីជនបទបន្ថែមទៀត ដើម្បីលើកកម្ពស់ការរស់នៅ របស់ប្រជាពលរដ្ឋនៅទីជនបទឱ្យកាន់តែល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញទាំងឡាយ គឺដើម្បីប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ តបទៅនឹងមតិពលរដ្ឋម្នាក់ថា រាជរដ្ឋាភិបាលអត់ធ្វើអ្វីដែលប្រជាពលរដ្ឋចង់បាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំនេះសម្តេចអញ្ជើញចូលរួមបិទសន្និបាតតាមក្រសួងស្ទើរគ្រប់ក្រសួង ព្រោះជាឆ្នាំដំបូងនៃការដឹកនាំជាតិ ដែលត្រូវបង្ហាញមុខ និងអរគុណមន្ត្រីរាជការ។ ចាប់ពីឆ្នាំក្រោយទៅ នឹងឱ្យឧបនាយករដ្ឋមន្ត្រីតំណាងវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ធ្វើផ្លូវមិនទាន់ធ្វើ ពង្រឹងគុណភាពផ្លូវដែលមានហើយ ហើយបន្តយកចិត្តទុកដាក់កសាងបណ្តាញទឹកស្អាត និងបង្គន់អនាម័យជូនពលរដ្ឋតាមទីជនបទ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តជំរុញការអនុវត្តយុទ្ធសាស្ត អភិវឌ្ឍជនបទ តាមរយៈ៖ ទី១. ការបន្តកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោតលើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី២. បន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជន នៅជនបទតាមរយៈការពង្រីកវិសាលភាព នៃការអភិវឌ្ឍការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ, ទី៣. បន្តជំរុញការធ្វើពិពិធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីឱ្យសហគមន៍ជនបទមានជីវភាពសមរម្យ តាមរយៈការបង្កើត និងពង្រីកមុខរបរ ក៏ដូចជាបង្កើនប្រាក់ចំណូលបន្ថែម និង ទី៤. បន្តអភិវឌ្ឍជនជាតិដើមភាគតិចឱ្យមានភាពរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និង អភិវឌ្ឍការងារស្ថាបនា ជួសជុល លើកកម្រិត និង កែលម្អផ្លូវជនបទតាមរយៈបច្ចេកវិទ្យាថ្មីៗ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា លើកកម្រិត និង កែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់ឱ្យបានយូរអង្វែង ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើ ថវិកាសម្រាប់ការថែទាំ និង ជួសជុលផ្លូវជនបទឱ្យកាន់តែមានគុណភាពខ្ពស់ និង ធានាបានការ ប្រើប្រាស់គ្រប់រដូវកាល, ជាពិសេសផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច, ដើម្បីឆ្លើយតប ទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០% និងពង្រីកការតភា្ជប់៣០% ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាន នូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវ ជនបទ និង ត្រូវសហការអប់រំ និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទឱ្យ បញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និង ឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៤៖០១ នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៕