(សៀមរាប)៖ ព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិប្រមាណជិត១ម៉ឺន២ពាន់នាក់។ នេះបើតាមលោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។
ពិតជាវិសេសនាព្រឹកថ្ងៃទី២២នេះ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តគឺជាចំល្អណាស់ ដែលធ្វើឲ្យភ្ញៀវទេសចរជាតិអន្តរជាតិមានសេចក្ដីរីករាយក្រៃលែង ពួកគេលាន់មាត់សរសើរទស្សនីយភាពនៃអច្ឆរិយភាពនេះ អ្នកខ្លះបន្លឺសំឡេងហ៊ោ ឬពោលពាក្យស្ងើចសរសើរ។ ម្នាក់ៗកាន់ទូរសព្ទ កាំមេរ៉ាគ្រប់ដៃ ដើម្បីថតទិដ្ឋភាពថ្ងៃរះនេះបង្ហាញនៅលើបណ្ដាញសង្គម។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕