Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងឆៅកើនឡើងជិតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈហានិភ័យផ្គត់ផ្គង់កើនឡើង

Media LNN | Apr 04, 2024
តម្លៃប្រេងឆៅកើនឡើងជិតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល ខណៈហានិភ័យផ្គត់ផ្គង់កើនឡើង
Clinic narith

(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានបន្តកើនឡើងកាលពីថ្ងៃពុធ ខណៈដែលវិនិយោគិន បានពិចារណារលើហានិភ័យនៃការផ្គត់ផ្គង់ ដែលកើតចេញពីការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងភាពអាចកើនឡើងនជម្លោះនៅមជ្ឈិមបូព៌ា ស្របពេលដែលរដ្ឋមន្ត្រីរបស់អង្គការ OPEC+ រក្សាគោលនយោបាយកាត់បន្ថយទិន្នផលប្រេងនៅដដែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា កិច្ចសន្យាអនាគតសម្រាប់ចែកចាយប្រេងឆៅប្រភេទ Brent នៅខែមិថុនាបានកើនឡើង ៧៥សេន ឬ ០,៨៤ភាគរយដល់ ៨៩,៦៧ដុល្លារក្នុងមួយបារ៉ែល នៅរសៀលថ្ងៃពុធ ខណៈពេលដែលកិច្ចសន្យាអនាគត សម្រាប់ចែកចាយប្រេងឆៅរបស់អាមេរិក West Texas Intermediate នៅខែឧសភាបានកើនឡើង ៧៣សេន ឬ ០,៨៦ភាគរយដល់ ៨៥,៨៨ដុល្លារក្នុងមួយបារ៉ែល។

ប្រភពចំនួនពីរបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមរដ្ឋមន្ត្រីរបស់អង្គការ OPEC+ មិនបានកែប្រែគោលនយោបាយកាត់បន្ថយ ការផលិតប្រេងឆៅរបស់ខ្លួន នៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធទេ បន្ទាប់ពីក្រុមប្រទេសផលិតប្រេងនេះ កាលពីខែមុនបានសម្រេចចិត្តរួចហើយ ក្នុងការបន្តកាត់បន្ថយផលិតកម្មបច្ចុប្បន្នរហូតដល់ខែមិថុនា។

តម្លៃប្រេងឆៅបានកើនឡើងខ្ពស់ កាលពីថ្ងៃអង្គារ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដែលបានគំរាមបង្អាក់សមត្ថភាព កែច្នៃប្រេងរបស់ប្រទេសនេះបន្ថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ វិនិយោគិនក៏មានការព្រួយបារម្ភផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាអាចរីករាលដាល បន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកប្រឆាំងនឹងអ៊ីស្រាអែល ទៅនឹងការវាយប្រហារកាលពីថ្ងៃចន្ទ ដែលបានសម្លាប់បុគ្គលិកយោធាជាន់ខ្ពស់របស់ខ្លួន។

ជម្លោះកាន់តែធំនៅមជ្ឈិមបូព៌ា ដែលពាក់ព័ន្ធនឹងប្រទេសផលិតប្រេងកាន់តែច្រើន អាចបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់។ អ៊ីរ៉ង់ដែលផ្តល់ការគាំទ្រដល់កងជីវពលហាម៉ាស ដែលកំពុងប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា គឺជាប្រទេសផលិតធំទីបី នៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC)៕