Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតឡើងចំលើទ្វីបអាមេរិកខាងជើង នាថ្ងៃចន្ទនេះ

Media LNN | Apr 08, 2024
បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតឡើងចំលើទ្វីបអាមេរិកខាងជើង នាថ្ងៃចន្ទនេះ
Clinic narith

 

(វ៉ាស៉ីនតោន)៖ បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតមានឡើងចំលើទ្វីបអាមេរិកខាងជើង នាថ្ងៃចន្ទនេះ ដោយកន្លែងខ្លះនៅតំបន់នោះ នឹងអាចមើលឃើញព្រះអាទិត្យ ត្រូវព្រះចន្ទបាំងជិតឈឹង អស់រយៈពេលជាង៤នាទី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤។

ប្រសិនបើអាកាសធាតុអំណោយផល បាតុភូតសូរ្យគ្រាសខាងលើ នឹងអាចត្រូវមើលឃើញ នៅលើគន្លងផ្លូវមួយ ចាប់ផ្តើមពីប្រទេសម៉ិកស៉ិក រួចឆ្លងចូលសហរដ្ឋអាមេរិក មុនបន្តទៅកាន់កាណាដា។ ប្រជាជនប្រហែល៣២លាននាក់ នៅសហរដ្ឋអាមេរិក គឺរស់នៅតាមបណ្តោយគន្លង ដែលអាចមើលឃើញព្រះចន្ទបាំងព្រះអាទិត្យទាំងស្រុង ខណៈអ្នកដែលស្ថិតនៅកន្លែងដទៃទៀតនៃទ្វីបអាមេរិកខាងជើង អាចមើលឃើញបាតុភូតនោះ ក្នុងទម្រង់​ជាសូរ្យគ្រាសមិនពេញលេញ។

គួរបញ្ជាក់ថា វានឹងត្រូវប្រើពេលប្រហែលជា៨០នាទី គិតចាប់តាំងពីពេលព្រះចន្ទចាប់ផ្តើមរំកិលទៅបាំងព្រះអាទិត្យ រហូតដល់ពេលត្រូវបាំង​ជិតឈឹងទាំងស្រុង ហើយ៨០នាទីទៀត ដើម្បីឱ្យព្រះចន្ទចេញផុតពីមុខព្រះអាទិត្យវិញ។ បាតុភូតបាំងជិតទាំងស្រុងនោះ នឹងកើតឡើងនៅម៉ោង​១៖៣០នាទីរសៀលថ្ងៃចន្ទនេះ ហើយមានរយៈពេលអាចយូរបំផុតដល់៤នាទី និង២៨វិនាទី។ ពេលវេលានេះ គឺម៉ោងនៅទ្វីបអាមេរិកខាងជើង ដែលស្មើនឹងម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៩ ខែមេសា នៅប្រទេសកម្ពុជាយើង៕