Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ គិតគូរយ៉ាងម៉ត់ចត់ទៅលើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Media LNN | Apr 10, 2024
រដ្ឋបាលរាជធានីភ្នំពេញ គិតគូរយ៉ាងម៉ត់ចត់ទៅលើការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Clinic narith

 

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាថ្មីទៀត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចប្រជុំលើកទី១ បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តត្រួតពិនិត្យវិឌ្ឍន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាកិច្ចការអាទិភាព។ ក្នុងនោះ លោកអភិបាលបាន ណែនាំគណៈបញ្ជាការឯភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់លើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ ការត្រួតពិនិត្យជាតិអាល់កុល និងអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងមូល របស់ខ្លួនឲ្យមានការប្រុង ប្រយត្ន័ និងបង្ការគ្រោះអគ្គីភ័យបើយើងមានការធ្វេសប្រហែស។

លោកបន្តថា «ភ្លើងឆេះស្រួលតែពន្លត់ភ្លើងវាលំបាក ដូច្នេះយើងត្រូវយកចិត្តទុកដាក់បង្កាជាមុនពីគ្រោះអគ្គិភ័យ កុំឲ្យកើតមាននៅពេលអាកាសធាតុ កំពុងក្តៅខ្លាំងត្រូវនឹងរដូវចូលឆ្នាំថ្មីថែមទៀត»។ លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរឿងណាដែលកើតឡើងឲ្យទាន់ពេល ព្រោះរឿងតូច អាចក្លាយជាអគ្គីភ័យបាន និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

លោក មាន ចាន់យ៉ាដា និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលទទួលការងារសន្តិសុខសណ្តាប់ធ្នាប់ បានលើកឡើងថា ពាក់ព័ន្ធនឹងសង្គ្រាន្តឆ្នាំនេះ យើងបានយកចំណុចខ្ពស់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ មេសា មុននឹងក្រោយបុណ្យចូលឆ្នាំ​។ សង្គ្រាន្តឆ្នាំនេះ មានលក្ខណៈផុសផុលជាងរាល់ឆ្នាំ។ ទាំងថ្នាក់រាជធានីភ្នំពេញ, ថ្នាក់ខណ្ឌ, សង្កាត់, តាមសាលារៀន តាមវត្តអារាម ក៏ដូចតាមក្រុមហ៊ុនឯកជននានាដោយមានការរៀបចំផែនការ យ៉ាងម៉ត់ចត់ រួមទាំងការពង្រឹងសន្តិសុខ នៅតាមទីតាំងសប្បាយភាពនានានពិសេសនៅរមណីយ៍ដ្ឋានវត្តភ្នំ ការបង្កើតទីបញ្ជាការស្រាល តាមទីតាំងសប្បាយភាព។

លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានការធ្វើការរួមគ្នា ដោយបែងចែកកំលាំងល្បាតទាំងថ្ងៃទាំងយប់ ដើម្បីធានាថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះនប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ឈរលើភាពជោគជ័យ លើការរៀបចំសង្គ្រាន្តបានល្អ និងមានសណ្តាប់ធ្នាប់ល្អ។

សូមបញ្ជាក់ថា ដើម្បីទទួលអំណរទេវតាឆ្នាំថ្មី និងសង្រ្គាន្តវត្តភ្នំ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលំអអំពូលភ្លើងចំរុះពណ៏ ទង់ជ្វាលា កន្លែងលេងល្បែងប្រជាប្រិយ៏មានទាញព្រាត់,ចោលឈូង, បោះអង្គុញ លាក់កន្សែងជាដើម។ នេះជាឆ្នាំទី១ អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលកម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត៕