Alynana Media Cambodia
Icon Collap
clinic narit

អាកាសយានដ្ឋានប្រណិតបំផុតលើលោកក្រោយជំនន់ទឹកភ្លៀងភ្លាមៗ ត្រលប់មកហោះហើរវិញក្នុងពេល ២៤ ម៉ោង

Admin Alynana | Apr 19, 2024
អាកាសយានដ្ឋានប្រណិតបំផុតលើលោកក្រោយជំនន់ទឹកភ្លៀងភ្លាមៗ ត្រលប់មកហោះហើរវិញក្នុងពេល ២៤ ម៉ោង
Clinic narith

ព្រលានយន្តហោះដ៏ប្រណិតបំផុតនៅលើពិភពលោករបស់ប្រទេសអារ៉ាប់រួមមួយនេះកំពុងសម្រួលជើងហោះហើរឡើងវិញ បន្ទាប់ពីត្រូវបានជាប់គាំងឡើងក្រោយរងការវាយប្រហារយ៉ាងចាស់ដៃពីជំនន់ទឹកភ្លៀងភ្លាមៗកាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យជើងហោះហើរដែលតភ្ជាប់ទៅកាន់គ្រប់ទ្វីបទាំងអស់ត្រូវលុបចោល ឬពន្យារពេល ខណៈក្នុងករណីចាំបាច់ខ្លះបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត ។

ស្របពេលជាមួយគ្នានេះ លោក Al Joker បានប្រាប់ទូរទស្សន៍ Al Arabiya TV នៅក្នុងបទសម្ភាសន៍មួយថា “បច្ចុប្បន្នស្ថានីយ​អ្នកដំណើរទី​១ និងទី៣ ​បាន​ចាប់​ផ្តើម​ដំណើរការ​ធម្មតា​ជា​បណ្តើរៗហើយ ដូច្នេះនៅពេលដែលប្រតិបត្តិការហោះហើរត្រលប់មកដូចដើមទាំងស្រុង យើងនឹងវាយតម្លៃការខូចខាត ហើយនៅពេលនោះយើងនឹងអាចផ្តល់តួលេខច្បាស់ការសម្រាប់ទំហំនៃការខាតបង់ទាំងប៉ុន្មាននេះ” ។Dubai-22-1

ប្រធានផ្នែកប្រតិបត្តិការរបស់អាកាសយានដ្ឋានឌូបៃរូបនេះបញ្ជាក់ទៀតថា “ក្រុមឆ្លើយតប និងសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន រួមជាមួយនាយកដ្ឋាន ដៃគូយុទ្ធសាស្ត្រផ្សេងៗ និងក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតបានធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឲ្យមានជើងហោះហើរវិលមករកភាពប្រក្រតីវិញ ពោលដៃម្ខាងជួយដល់អ្នកដំណើរ និងភ្ញៀវដែលរងផលប៉ះពាល់ ឯដៃម្ខាងទៀតកំពុងធ្វើការឥតឈប់ឈរដើម្បីកែលម្អស្ថានភាពនៅអាកាសយានដ្ឋាន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជើងហោះហើរនៅព្រលានយន្តហោះឌូបៃសរុបចំនួន ១,២៤៤ ជើងត្រូវបានលុបចោល ហើយ ៤១ ជើងផ្សេងទៀតបានបង្វែរទិសដៅក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅលើផ្លូវរត់របស់យន្តហោះ ខណៈអាកាសយានដ្ឋានក៏បានផ្អាកប្រតិបត្តិការរយៈពេល ២៥ នាទីផងដែរកាលពីថ្ងៃពុធ ។

ដោយឡែកក្រៅពីដំណើរការជើងហោះហើរឡើងវិញមួយចំនួន, អាជ្ញាធរផ្លូវថ្នល់ និងដឹកជញ្ជូនរបស់ទីក្រុងឌូបៃក៏បានប្រកាសដែរថា តាក់ស៊ី និងរថយន្តក្រុងបានចាប់ផ្ដើមដំណើរការឡើងវិញដូចគ្នា បន្ទាប់ពីស្ថានភាពទឹកជន់បានស្រកជាបណ្ដើរៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេវាកម្មរថយន្តក្រុងរត់ឆ្លងក្រុងទាំងអស់របស់អារ៉ាប់រួមនៅតែផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម ដោយសារតែអាកាសធាតុមិនទាន់អំណោយផលពេញទីនៅឡើយ ។Dubai-13-1

គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រនៅតំបន់ Al-Ain ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧៥ ឆ្នាំ ខណៈជាទូទៅប្រទេសវាលខ្សាច់មួយនេះមានកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងមួយឆ្នាំត្រឹម ១៤០ ទៅ ២០០ មិល្លីម៉ែត្រ ឯចំពោះទីក្រុងឌូបៃវិញមានត្រឹម ៩៧ មិល្លីម៉ែត្រ ខណៈសម្រាប់ក្នុងខែមេសាគឺប្រមាណ ៨ មិល្លីម៉ែត្រប៉ុណ្ណោះ ៕