
គិតត្រឹមប៉ុន្មានថ្ងៃចុងក្រោយ នៃខែមេសា ឆ្នាំ២០២៤ មានគ្រោះធម្មជាតិបានកើតឡើងបន្តកន្ទុយគ្នាគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្តង។ ខាងក្រោម គឺជាគ្រោះធម្មជាតិធំៗ៣ ដែលទើបបង្ហាញខ្លួនក្នុងប៉ុន្មានថ្ងៃមុននេះ៖
១/. បន្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី
យោងតាមសារព័ត៌មាន Antara បានរាយការណ៍ថា ភ្នំភ្លើង Ruang បានផ្ទុះបង្កឲ្យមានផ្សែងផេះដ៏ក្រាសខ្មឹក កម្ពស់រាប់រយម៉ែត្រ និងមានមនុស្សយ៉ាងតិចប្រហែល ១១,០០០នាក់ ត្រូវបានចម្លៀសទៅកាន់កន្លែងសុវត្ថិភាព ក្រោយពីមានការផ្ទុះកំអែលភ្លើងជាច្រើនដង កាលពីថ្ងៃទី១៧ ខែមេសានេះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរឥណ្ឌូនេស៊ីក៏បានព្រមានអំពីគ្រោះហ្សូណាមីផងដែរ បន្ទាន់ពីបន្ទុះភ្នំភ្លើង។
ក្នុងនោះ អ្នកដំណើរតាមជើងហោះហើរនៅអាកាសយានដ្ឋានក្រុងកូឡាឡាំពួរ KLIA2 ប្រទេសម៉ាឡេស៊ីត្រូវខកខានមិនបានធ្វើដំណើរនៅថ្ងៃទី១៨ ដោយជើងហោះទៅកាន់ខេត្តសារ៉ាវ៉ាក់ និងសាហ្ពះ ត្រូវបានលុបចោលពីព្រោះតែបាតុភូតផ្ទុះភ្នំភ្លើងដ៏ខ្លាំងនៅឥណ្ឌូនេស៊ី។
២/. គ្រោះទឹកជំនន់ទៅអារ៉ាបរួម
កាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ អារ៉ាបរួមបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រនៅតំបន់ Al-Ain ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៧៥ឆ្នាំ។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC បានឲ្យដឹងថា ជើងហោះហើរប្រហែល ៣០០ ជើងទាំងទៅ និងមកពីព្រលានយន្តហោះអន្តរជាតិឌូបៃ (DIA) ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់តភ្ជាប់ជើងហោះហើរទៅគ្រប់ទីកន្លែងត្រូវបានលុបចោល ខណៈមហាវិថីជាច្រើននៅទីក្រុងឌូបៃក៏កំពុងប្រែក្លាយទៅជាដងទន្លេស្រាប់ទៅហើយ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរបានព្រមានទៀតថា អារ៉ាប់រួមក៏នឹងបន្តមានភ្លៀងធ្លាក់ច្រើន លាយឡំផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំងបន្ថែមទៀតផងដែរ ពោលតំបន់ទំនាបជាច្រើននៅតែស្ថិតនៅក្រោមផ្ទៃទឹកភ្លៀង ។ ជាទូទៅប្រទេសវាលខ្សាច់មួយនេះមានកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងមួយឆ្នាំត្រឹម ១៤០ ទៅ ២០០ មិល្លីម៉ែត្រ ឯចំពោះទីក្រុងឌូបៃវិញមានត្រឹម ៩៧ មិល្លីម៉ែត្រ ខណៈសម្រាប់ក្នុងខែមេសាគឺប្រមាណ ៨ មិល្លីម៉ែត្រប៉ុណ្ណោះ។
៣/. រលកកម្តៅ
អង្គការសហប្រជាជាតិបានព្រមាន អំពីរលកកំដៅក្នុងឆ្នាំ ២០២៤ កំពុងតែធ្វើឲ្យកុមាររាប់លាននាក់នៅអាស៊ីប្រឈមបញ្ហាសុខភាព ដោយសារតែការបម្រែបម្រួលអាកាសធាតុមិនធ្លាប់មានពីមុនមក។ យោងតាមទិន្នន័យបានបង្ហាញថា កុមារជាង ២៤៣ លាននាក់នៅទូទាំងប៉ាស៊ីហ្វិក និងអាស៊ីបូព៌ាត្រូវបានប៉ាន់ប្រមាណថា រងផលប៉ះពាល់ដោយរលកកម្តៅ ដែលធ្វើឲ្យពួកគេប្រឈមនឹងជំងឺ និងការស្លាប់ ដោយក្នុងនោះប្រទេសមួយចំនួននៅក្នុងតំបន់កំពុងប្រឈមនិងកម្តៅក្តៅជាខ្លាំង ជាមួយនឹងសីតុណ្ហភាពក្បែរ និង ឡើសពី ៥០អង្សាសេឯណោះ។
ជាក់ស្តែង សាលារៀនហ្វីលីពីនមួយចំនួនបានផ្អាកថ្នាក់រៀនផ្ទាល់ក្នុងខែមេសានេះ ដោយអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបាននិយាយថា សីតុណ្ហភាពអាចឈានដល់កម្រិត "គ្រោះថ្នាក់" ដល់ ៤២ ឬ ៤៣ អង្សាសេនៅក្នុងតំបន់មួយចំនួន។ នៅប្រទេសថៃ សីតុណ្ហភាព ៤៣.៥ អង្សារសេត្រូវបានកត់ត្រានៅក្នុងខេត្តភាគខាងជើងនៃស្រុក Mae Hong Son កាលពីដើមសប្តាហ៍នេះ។
គួរជម្រាបផងដែរថា នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យមានទុក្ខវេទនាយ៉ាងខ្លាំង ជាពិសេសសម្រាប់កសិករ។ នៅក្នុងរបាយការណ៍មួយកាលពីចុងឆ្នាំ២០១៥ អង្គការសហប្រជាជាតិ បានរកឃើញថា នៅកម្ពុជាក្នុងចំណោមមនុស្ស ១០០,០០០ នាក់ មានមនុស្សជាមធ្យម ៨,៤០០ នាក់ ទទួលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ជារៀងរាល់ឆ្នាំ៕