(ភ្នំពេញ)៖ ត្រឹមរយៈពេលជិត២ខែប៉ុណ្ណោះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ៧,៥% លឿនជាងផែនការប្រមាណ ០,៦% នេះបើគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ រហូតមកដល់ពាក់កណ្តាលខែមេសានេះ។
នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ មេសា ២០២៤។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការងារសាងសង់ដែលសម្រេចបានរួមមាន៖ សសរគ្រឹះចំនួន ២៤ដើម នៃជើងតាងទី៩ បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដោយឡែកសសរគ្រឹះជើងតាងទី១០ មានចំនួនសរុប ១២ដើម ដំណើរការខួងរួចបាន៤ដើមហើយ។
គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕