ប្រមុខការទូតជាន់ខ្ពស់របស់ចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧។ តាមរយៈវត្តមានរបស់ប្រមុខការទូតចិនមកកម្ពុជានេះ អ្នកជំនាញសេដ្ឋកិច្ចរំពឹងថានឹងអាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ពិសេសជួយទាក់ទាញអ្នកវិនិយោគ និងទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះវត្តមានរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈវត្តមានរបស់ប្រមុខការទូតជាន់ខ្ពស់របស់ចិនរូបនេះ វានឹងបង្កើនទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគ និងទេសចរចិនឱ្យមកសម្លឹងឱកាសវិនិយោគ និងកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ វានឹងជួយជំរុញការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលផ្តួចផ្តើមដោយលោកប្រធានាធិបតី ស៊ី ជិតពីង នៅកម្ពុជាបន្ថែមទៀត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជាលោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជានៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្តី្រ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជានេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន និងជាផ្នែកមួយជួយពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕