(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ប្រាប់ ឯកឧត្តម លី វ៉ូយ៉ុង (Lee Woo Young) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) នៅក្នុងជំនួបពិភាក្សាការងារថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។
នៅក្រោយចប់ជំនួបការងារ កាលពីល្ងាចថ្ងៃទី១៩ មេសា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ពង្រីកការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ និងការពង្រីកទីផ្សាការងារតាមប្រភេទទិដ្ឋាការ E-7 ដែលជាការបញ្ជូនពលករជំនាញ ខណៈកម្ពុជាមានគោលបំណងចង់ឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ពេលត្រលប់មកមាតុប្រទេសវិញ ដើម្បីបំពេញតម្រូវការវិស័យការងារជំនាញនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាកូរ៉េ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិតកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានបំណងចេញទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោយបញ្ចប់ការសិក្សាជំនាញតែម្តង។
ឯកឧត្តម លី វ៉ូយ៉ុង បានប្តេជ្ញាថានឹងបន្តគាំទ្រយកចិត្តទុកដាក់លើការពង្រឹងជំនាញរបស់ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការប្រឹងប្រែងលើកិច្ចការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េ ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់នៅក្នុងប្រទេសកូរ៉េ។ ឯកឧត្តម បានមើលឃើញថា មានពលករកម្ពុជាកំពុងធ្វើការងារលើជំនាញសំខាន់ជាច្រើន ជាក់ស្តែងលើការងារផលិតនាវា ដែលពលករកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបានយ៉ាងល្អ។
បើតាមការលើកឡើងរបស់ក្រសួងការងារ ក្រោយកិច្ចពិភាក្សាទ្វេភាគីនេះត្រូវបានបញ្ចប់ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមស្តីពីការបញ្ជូនពលកក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)៕