
ទន្លេធំៗ ផ្លូវទឹក និងអាងស្តុកទឹកសំខាន់ៗក្នុងខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន កំពុងគំរាមកំហែងបង្កជាទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្ខំឱ្យរដ្ឋាភិបាលបង្កើតផែនការឆ្លើយតបបន្ទាន់ដើម្បីការពារប្រជាជនជាង ១២៧ លាននាក់។
ដោយហៅស្ថានភាពនេះថា «អាក្រក់» ក្រុមមន្ត្រីអាកាសធាតុក្នុងតំបន់និយាយថា ផ្នែកនៃទន្លេ និងដៃទន្លេនៅអាងទន្លេ ស៊ីជាំង (Xijiang) និង ប៉ីជាំង (Beijiang) កំពុងផ្ទុកទឹកក្នុងកម្រិតអាសន្នមួយ នេះបើតាមការឱ្យដឹងពីទូរទស្សន៍ CCTV របស់ចិន កាលពីថ្ងៃអាទិត្យ (២១ មេសា)។
CCTV បានរាយការណ៍ថា ក្រសួងធនធានទឹករបស់ប្រទេសចិន បានចេញសេចក្តីណែនាំបន្ទាន់មួយ។ ក្រុមមន្ត្រីខេត្តក្វាងទុង បានជំរុញឱ្យនាយកដ្ឋាននៅគ្រប់តំបន់ និងក្រុងចាប់ផ្តើមរៀបចំផែនការសង្គ្រោះបន្ទាន់ ដើម្បីបញ្ចៀសគ្រោះមហន្តរាយធម្មជាតិ ហើយបំបែកថវិកា និងសម្ភារៈសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានអាហារ សំលៀកបំពាក់ ទឹក និងកន្លែងរស់នៅសមស្របពេលទឹកជំនន់មកដល់។
ខេត្តនេះបានជួបប្រទះនូវភ្លៀងធ្លាក់យ៉ាងគំហុកអស់រយៈពេលជាច្រើនថ្ងៃ និងមានខ្យល់បក់ខ្លាំង ដោយសារតែអាកាសធាតុមិនអំណោយផល ដែលបានប៉ះពាល់ដល់ផ្នែកជាច្រើននៃប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕