Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានឹងដាក់ឱ្យដំណើរទូររថភ្លើង ដែលអាចរត់ក្នុងល្បឿន១១០គីឡូម៉ែត្រក្នុងម៉ោងក្នុងពេលឆាប់ៗខាងមុខនេះ

Media LNN | Apr 22, 2024
កម្ពុជានឹងដាក់ឱ្យដំណើរទូររថភ្លើង ដែលអាចរត់ក្នុងល្បឿន១១០គីឡូម៉ែត្រក្នុងម៉ោងក្នុងពេលឆាប់ៗខាងមុខនេះ
Clinic narith

កម្ពុជានឹងដាក់ឱ្យដំណើរទូររថភ្លើង ដែលអាចរត់ក្នុងល្បឿន១១០គីឡូម៉ែត្រក្នុងម៉ោងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនអ្នកដំណើរ ទំនិញ និងរួមចំណែកអភិវឌ្ឍន៍វិស័យផ្លូវដែកនៅកម្ពុជា។ តាមគម្រោងទូររថភ្លើងទាំង១១គ្រឿង ដែលកម្ពុជាបញ្ជាទិញពីប្រទេសជប៉ុននឹងមកដល់ទឹកដីខេត្តព្រះសីហនុនៅចុងខែមេសា នេះ ខណៈបច្ចុប្បន្នកម្ពុជាកំពុងសិក្សា និងធ្វើបច្ចុប្បន្នភាពផ្លូវដែកឱ្យតាមលក្ខណបច្ចេករបស់ទូររថភ្លើងនេះ។ តើមន្ត្រី និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនមានការយល់ឃើញបែបណាចំពោះ គម្រោងដាក់ឱ្យដំណើរការទូររថភ្លើងល្បឿនលឿននេះ?

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូនរំពឹងថា វិស័យសាធារណការ ជាពិសេសវិស័យដឹកជញ្ជូនតាមផ្លូវដែកនឹងភាពល្អប្រសើរថែមមួយកម្រិតទៀត ក្រោយក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ ដាក់ឱ្យដំណើរការក្បាលទូររថភ្លើងល្បឿនលឿន ដែលខ្លួនទើបបញ្ជាទិញពីជប៉ុននាពេលឆាប់ៗខាងមុខ។

មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ក្រោយក្បាលរថភ្លើង ដែលអាចរត់ក្នុងល្បឿនរហូតដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោងទាំង១១គ្រឿងដាក់ឱ្យដំណើរការ វានឹងជួយបង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់ការដឹកជញ្ជូនជាមួយប្រទេសជិតខាង និងក្របខណ្ឌផ្ទៃក្នុងប្រទេស ជួយបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ផលិតផល អ្នកដំណើរ បានលឿន សុវត្ថិភាព តម្លៃធូរថ្លៃ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកំហូចផ្លូវថ្នល់ ព្រមទាំងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។

បើតាមអ្នកនាំពាក្យរូបនេះ ទូររថភ្លើងទាំង១១គ្រឿងកំពុងធ្វើដំណើរមកកម្ពុជា ដោយរំពឹងថា នឹងមកដល់កំពង់ផែក្រុងព្រះសីហនុក្នុងពេលឆាប់ៗខាងមុខនេះ ហើយពេលមក ក្រុមបច្ចេកទេសទូរថភ្លើង នឹងកែតម្រូវទូររថភ្លើងទាំងនោះឱ្យស្របតាមបរិបថផ្លូវដែកកម្ពុជា និងមានការកែតម្រូវបន្តិចបន្តួចទៅលើប្រព័ន្ធហ្វ្រាំង ដោយរំពឹងថា នឹងត្រូវចំណាយពេលកែតម្រូវប្រមាណ៨សប្តាហ៍សម្រាប់ទូរថភ្លើងទាំង១១គ្រឿងនេះ ខណៈការដាក់ឱ្យប្រើប្រាស់នឹងធ្វើឡើងជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងការនាំចូលក្បាលទូររថភ្លើងនេះដែរ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្ដុភារកម្មកម្ពុជា យល់ឃើញថា ការដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជានឹងកាន់តែមានសក្ដានុពលខ្លាំងនាពេលខាងមុខ ដោយសារតែការដឹកជញ្ជូនតាមរថភ្លើង មានតម្លៃសមរម្យ កាត់បន្ថយថ្លៃដើម ហើយអាចដឹកទំនិញបានច្រើន។បើតាមអ្នកជំនាញវិស័យ ឡូជីស្ទីក រូបនេះ ប្រសិនបើមានការជំរុញវិស័យផ្លូវដែកឱ្យបានកាន់តែលឿននោះការដឹកជញ្ជូនទំនិញចេញ ចូល នឹងមានសន្ទុះកាន់តែខ្លាំង។

​បើយោងតាមក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនកំពុងប្រតិបត្តិការផ្លូវរថភ្លើងនៅកម្ពុជា ក្បាលទូររថភ្លើងទាំង១១គ្រឿងត្រូវបានដឹកជញ្ជូនពីកោះហុកកៃដូ ប្រទេសជប៉ុន មកកាន់កម្ពុជាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ហើយនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ក្បាលរថភ្លើង KiHa 183 Series DMU របស់ជប៉ុននេះអាចបង្កើនល្បឿនដល់១១០គីឡូម៉ែត្រក្នុងមួយម៉ោង៕