ត្បិតតែប្រទេសមួយចំនួនលើពិភពលោក ត្រូវជួបប្រទះរលកកម្តៅក៏ពិតមែន តែងាកទៅប្រទេសចិនឯណោះវិញ គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ច្រើនថ្ងៃនៅខេត្ត ក្វាងទុង បានបង្ខំឲ្យអាជ្ញាធរ ជម្លៀសមនុស្សជិត៦០ ០០០ ចេញពីផ្ទះសម្បែង។
ស្របពេលជាមួយគ្នានោះដែរ តាមការចុះផ្សាយរបស់ Xinhua នៅថ្ងៃចន្ទទី២២ខែមេសា, មនុស្សចំនួន១១នាក់ កំពុងបាត់ខ្លួន ថ្វីបើគិតត្រឹមពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ក៏ដោយ។
ភ្លៀងខ្លាំងក្លាបានធ្លាក់ជញ្ជ្រំខេត្តមានប្រជាជនច្រើនជាងគេរបស់ចិនមួយនេះ ជាហេតុបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង ហើយអាជ្ញាធរកំពុងបន្តតាមដានស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
ទន្ទឹមនោះ មន្ត្រីមូលដ្ឋានព្រមានថា កម្រិតទឹកទន្លេមួយនៅភាគខាងជើងខេត្តក្វាងទុង អាចឡើងដល់កម្រិតកំពូលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ។
លើសពីនេះ ប្រជាពលរដ្ឋប្រហែល១.១៦លានគ្រួសារ នៅទូទាំងខេត្ត មិនមានអគ្គិសនីប្រើប្រាស់កាលពីចុងសប្តាហ៍ ខណៈជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Baiyun ត្រូវបានលុបចោលនិងពន្យារពេល ដោយសារតែភ្លៀងធ្លាក់មិនដាច់ រីឯសាលារៀន ក៏ត្រូវបានបញ្ជាឲ្យបិទទ្វារសិន នៅក្នុងទីក្រុងចំនួន៣ផងដែរ។
ដោយឡែក ផ្ទះរាប់សិបខ្នងនៅទូទាំងខេត្ត ត្រូវបាក់រលំឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់ជិត ១៤០.៦លានយ័ន (១៩.៨លានដុល្លារ)។
អាជ្ញាធរឧតុនិយមរបស់ចិនព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅខេត្តក្វាងទុង និងតំបន់ឆ្នេរនៃខេត្ត ហ្វូជៀន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
សូមរម្លឹកទៅខែកក្កដាឆ្នាំមុន ទីក្រុងប៉េកាំង និងខេត្តជុំវិញដូចជាខេត្ត ហឺប៉ីត្រូវបានជន់លិចដោយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បន្ទាប់ពីព្យុះទីហ្វុងជាបន្តបន្ទាប់បក់បោកពីមហាសមុទ្រប៉ាស៊ីហ្វិក បានវាយប្រហារប្រទេសនេះ។
នៅពេលនោះហើយ រដ្ឋធានីរបស់ចិន បានជួបប្រទះភ្លៀងធ្លាក់ កម្រិតខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត១៤០ឆ្នាំ៕