នេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះភូមិខ្មែរនឹងរះឡើងនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) នៃទឹកដីប្រទេសជប៉ុនជាលើកដំបូង ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។
ជាក់ស្តែង កាលពីម្សិលមិញនេះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។
នៅក្នុងជំនួបនេះដែរ គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុនផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះឯកឧត្តមរដ្ឋមន្ត្រី ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំងដើម្បីពិនិត្យមើលការផ្តើមសាងសង់ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារមួយចំនួនដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិដែលរួមមាន ស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម៕