(ភ្នំពេញ)៖ ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកាត់សម្គាល់នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ។ ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ចិនបានក្លាយជាដៃគូរដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំទឹកប្រាក់ជាង៣ពាន់២រយលានដុល្លារ។ តែយ៉ាងណាសហរដ្ឋអាមេរិក គឺជាទីផ្សារដែលបានស្រូបយកទំនិញពីកម្ពុជាធំច្រើនជាងគេ ដែលមានទំហំរហូតដល់ជិត២ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ ខណៈកម្ពុជានាំចេញទៅចិនមានទំហំជាង៣រយលានតែប៉ុណ្ណោះ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញទំនិញធំជាងគេបំផុតរបស់កម្ពុជា នៅត្រីមាសទី១ដើមឆ្នាំ២០២៤ នេះ ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ កើនឡើងជិត៩% ខណៈកម្ពុជានាំចូលទំនិញពីទីផ្សារនេះមកវិញមានទំហំតែជាង៥៧លានដុល្លារប៉ុណ្ណោះ។ បន្ទាប់មកទីផ្សារវៀតណាម បាននាំចូលទំនិញពីកម្ពុជាឈរលំដាប់ទីពីរជាមួយទំហំទឹកប្រាក់ជិត១ពាន់៤រយលានដុល្លារ ខណៈទីផ្សារចិន ឈរនៅលំដាប់ទី៣ ជាមួយទំហំទឹកប្រាក់ជាង៣៦៦លានដុល្លារ។
យ៉ាងណាក៏ដោយចិនដែលជាមួយមិត្តដែកថែមរបស់កម្ពុជា នៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដោយនៅត្រីមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរសម្រេចជាង៣ពាន់២រយលានដុល្លារអាមេរិក កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចូលទំនិញពីចិន មានទំហំរហូតជាង២ពាន់៨រយលានដុល្លារ ខណៈកម្ពុជានាំចេញទៅចិនវិញមានទំហំតែជាង៣៦៦លានដុល្លារតែប៉ុណ្ណោះ។
ជុំវិញដោះដូរពាណិជ្ជកម្មរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារបរទេសនៅដើមឆ្នាំ២០២៤ នេះ ហាក់មានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកតែម្តង បើទោះបីបញ្ហាភាពតានតឹង និងសង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា មិនទាន់ធូរស្បើយក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ កំណើននៃការនាំចេញនេះ គឺដោយសារតម្រូវការបញ្ជាទិញផលិតផលក្នុងឧស្សាហកម្មកាត់ដេររបស់កម្ពុជា ពីទីផ្សារទាំងនោះមានការកើនឡើង ដែលកត្តានេះធ្វើឱ្យសង្ឃឹមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងទីផ្សារ RCEP នឹងមានសម្ទុះកើនឡើងបន្ថែមទៀត។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅ៣ខែដំបូងឆ្នាំ២០២៣ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ កើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦%៕