ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី បានកំណត់គោលដៅនាំចេញទុរេនដែលជាស្ដេចផ្លែឈើ ឱ្យបានប្រមាណ១លានតោន ដែលគិតជាទឹកប្រាក់រហូតដល់ទៅ៣,៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai PBS World។
ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក្រសួងកសិកម្ម និងសហករណ៍នៃប្រទេសថៃ មានភារកិច្ចរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិនានា ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬទុរេនគុណភាពអន់។
លោក ឆៃ វ៉ាឆារ៉ុនកេ (Chai Wacharonke) អ្នកនាំពាក្យនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានលើកឡើងថា គំនិតផ្តួចផ្តើមរៀបចំសេចក្តីព្រាងបទប្បញ្ញត្តិនានាខាងលើនេះ មានគោលបំណងរារាំងការប្រមូលផល និងការលក់ផ្លែទុរេនមិនគ្រប់អាយុ ហើយវិធានការនេះនឹងជួយពង្រឹងគុណភាពផ្លែឈើ និងការប្រកួតប្រជែងក្នុងការនាំចេញ។
បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងស្ថិរភាពទីផ្សារ ប្រទេសថៃ កាលពីពេលថ្មីៗនេះបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាស្ថិរភាពតម្លៃសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China News Service។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះនឹងជួយសម្រួលដល់ការនាំចូលទុរេន និងផ្លែមង្ឃុតប្រមាណ២ម៉ឺនតោន ដែលគិតជាទឹកប្រាក់ជាង៨២លានដុល្លារអាមេរិក ពីប្រទេសថៃ ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំនេះ។ បើយោងតាមកាសែតបាងកកប៉ុស្តិ៍ ការនាំចេញទុរេនដែលអាចរកប្រាក់ចំណូលបាន៣,២៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ។ ប្រទេសថៃ ដែលផលិតទុរេនបានប្រមាណ៩សែនតោនក្នុងមួយឆ្នាំៗនាំចេញជិត២ភាគ៣នៃទិន្នផលនេះជាចម្បងទៅកាន់ប្រទេសចិន៕