Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីបំផុត !កម្លាំងនគរបាលបានចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

Media LNN | Apr 23, 2024
ទីបំផុត !កម្លាំងនគរបាលបានចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
Clinic narith

 

(ភ្នំពេញ)៖ កម្លាំងនគរបាលនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានដីការបស់តំណាងអយ្យការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២៥នាទី កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ឈ្មោះ ជួន គន្ធា នៅភោជនីយដ្ឋាន ម្លប់ជម្ពូត្រជាក់ចិត្ត ផ្លូវលេខ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ រដ្ឋ​បាលស្រុកឱរ៉ាល់ បានបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធនេះ បន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយ របស់បុគ្គលឈ្មោះ ជួន គន្ធា បានចេញសេចក្ដីជូនដំណឹង ដោយបានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។

រដ្ឋបាលស្រុកសូមអំពាវនាវសាធារណជន អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវចៀសវាងការទិញលក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ បើមានចម្ងល់សូមទំនាក់ទំនងមកលេខទូរស័ព្ទលេខ ០៩៧៧៥៥០៤៧៧។

តាមការប្រកាសនៅលើបណ្តាញសង្គម, លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ គុណ ៣០ តែត្រូវចេញលុយម្នាក់ៗ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី ខណៈដីនៅតំបន់នោះ បើគិតជាតម្លៃក្នុងមួយម៉ែត្រការ៉េ គឺថោកមែនទែន មិនសមនឹងទំហំដីនេះឡើយ ដូច្នេះគេចាត់ទុកថា ជាអំពើឆបោកថ្មីមួយទៀតនៅក្នុងសង្គម៕