Alynana Media Cambodia
Icon Collap
clinic narit

​កម្ពុជា-តួកគី ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ

Media LNN | Apr 29, 2024
​កម្ពុជា-តួកគី ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មឱ្យកើនដល់១ពាន់លានដុល្លារនាពេលខាងមុខ
Clinic narith

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (ÜLKÜ KOCAEFE) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។  

​ក្នុងជំនួបនេះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវឯកអគ្គរដ្ឋប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសារជាថ្មីម្ដងទៀតបន្ទាប់ពីជំនួបជួប កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ក្រោយពេលដែលលោកជំទាវបានក្លាយជាឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលនៅពេលនោះ សម្ដេចបានពិភាក្សាជាមួយលោកជំទាវ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី និងបញ្ហាមួយចំនួនទៀត ជាពិសេសពីការសុំចូលរបស់ប្រទេសតួកគី ជាសមាជិកភាព EU និងបញ្ហាជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ហើយនៅពេលនេះសម្ដេចបានទទួលតំណែងជាប្រធានព្រឹទ្ធសភា ដែលសម្ដេច នឹងពង្រឹងត្រូវមានទំនាក់ទំនងច្រើនបន្ថែមទៀតជាមួយសមាជិករវាងព្រឹទ្ធសភាកម្ពុជា និងសភានៃប្រទេសតួកគីផងដែរ។ ក្នុងជំនួបនេះសម្ដេចតេជោក៏បានផ្តាំផ្ដើមផ្ញើ តាមរយៈលោកជំទាវអគ្គរដ្ឋតួកគីប្រចាំនៅកម្ពុជា នូវការសួរសុខទុក្ខរបស់សម្តេចចំពោះឯកឧត្តមប្រធានាធិបតី នៃប្រទេសតួកគីផងដែរ។ 

ជាកិច្ចឆ្លើយតបលោកជំទាវ ឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ ដោយចាត់ទុកថា នេះជាកិត្តិយសណាស់ដែលសម្ដេចផ្តល់ការអនុញ្ញាតឲ្យលោកជំទាវបានជួបសម្ដែងការគួរសមនៅពេលនេះ។ នៅថ្ងៃនេះផងដែរលោកជំទាវបានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីចុងសប្តាហ៍ថ្មីៗនេះ ដែលធ្វើឲ្យមានការបាត់បង់យោធិន របស់កម្ពុជាមួយចំនួន។ ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវក៏បានអបអរសាទរចំពោះសម្ដេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងនឹងបានជូនពរសម្ដេចតេជោ និងសមាជិកព្រឹទ្ធសភាទាំងអស់សូមឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។ លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានសភាតួកគីផងដែរ ជូនចំពោះសម្ដេចតេជោ។ 

លោកជំទាវបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះបន្ទាប់ពី មានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញទំហំពាណិជ្ជកម្មនេះឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ទំនាក់ទំនងកាន់តែច្រើនឡើងរវាងប្រជាជននិងប្រជាជន ទំហំពាណិជ្ជកម្ម ថ្វីត្បិតតែមានទំហំតូច តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ។ 

លោកជំទាវក៏បានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី ពិសេសកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះ មានការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍លើការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាបន្តបន្ទាប់។ លោកជំទាវបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍តួកគី និងគ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថាក្រោយពីការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍និងមានការកើនឡើងបន្ថែមទៀត។ លោកជំទាវក៏បានរៀបរាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជនយុវជន និងកីឡា ក្នុងនោះក្នុងការពង្រីកសាលា និងការបង្កើនការផ្ដល់អាហារូបករណ៍។ ប្រទេសតួកគីនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ហើយបានស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រតួកគីក្នុងទំនាក់ទំនងជាមួយអាស៊ានផងដែរ។ លោកជំទាវមានក្តីសង្ឃឹមទុកថា សម្ដេចប្រធានព្រឹទ្ធសភា នឹងបង្កើននូវទំនាក់ទំនងជាមួយសភា នៃប្រទេសតួកគី ហើយនឹងមានទំនាក់ទំនងរីកចម្រើនឱ្យដល់កម្រិតខ្ពស់នាពេលខាងមុខ។

ជាការឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអរគុណចំពោះលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខចំពោះឧបទ្ទវហេតុ ដែលកើតឡើងកាលពីចុងសប្តាហ៍នេះ និង បណ្តាលដែលធ្វើឲ្យយោធិនយើងចំនួន២០រូបបានស្លាប់បាត់បង់ជីវិត និងមួយចំនួនទៀតទទួលរងរបួស។ សម្ដេចតេជោក៏បានអរគុណលោកជំទាវដែលបានអបអរសាទរចំពោះសម្ដេចដែលបានក្លាយជាប្រធានព្រឹទ្ធសភានាពេលនេះ ហើយសម្ដេចក៏បានអរគុណផងដែរដល់ឯកឧត្តមប្រធានព្រឹទ្ធសភាតួកគី ដែលបានផ្ញើសារអបអរសាទរ ហើយសម្ដេចនៅចាំបានថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសតួកគី ពេលដែលជួបគ្នាកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី សម្ដេចក៏បានជួបជាមួយឯកឧត្តមប្រធានសភាតួកគីផងដែរ។

សម្តេចជឿជាក់ថាគោលដៅ១ពាន់លានដុល្លារនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទាំងពីរអាចសម្រេចបាននាពេលខាងមុខ។ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដូច្នេះសម្ដេចបានមានប្រសាសន៍ថា ស្ថាប័នទាំងពីរគួរតែមានកម្មវិធីឱ្យច្រើនអ្វីមួយដើម្បីរំលឹកខួបទំនាក់ទំនងនេះ។ ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ពីប្រទេសជិតខាងតួកគី យកប្រទេសទួគីជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្ពុជាផងដែរ។ ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមកិច្ចប្រជុំវេទិកាអន្តរសភា និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) កិច្ចប្រជុំរបស់គណបក្សនយោបាយ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និងដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញធ្វើជាធិបតីនៅក្នុងកិច្ចប្រជុំនោះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយសនៅក្នុងកិច្ចប្រជុំនោះផងដែរ។ ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃរវាងសង្គ្រាម រុស្ស៊ី- និងអ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ៕