Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបាន២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

Media LNN | Apr 30, 2024
វៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបាន២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
Clinic narith

ប្រទេសវៀតណាម បានកំណត់គោលដៅនាំចេញដំឡូងមី ឱ្យបានរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មដំឡូងមីប្រកបដោយនិរន្តរភាព ដែលត្រូវបានអនុម័តកាលពីពេលថ្មីៗនេះដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។

ប្រទេសវៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបានប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំនៅត្រឹមឆ្នាំ២០៣០ ហើយតាមការរំពឹងទុកនៅឆ្នាំ២០៥០ ទំហំនៃការនាំចេញដំឡូងមីនឹងឈានដល់ចន្លោះពីជាង២ពាន់៣រយលានដុល្លារអាមេរិក ទៅជាង២ពាន់៥រយលានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ការនាំចេញដំឡូងមីរបស់វៀតណាម ត្រូវបានជំរុញជាចម្បងដោយតម្រូវការនាំចូលរបស់ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។

ស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់វៀតណាម បានបង្ហាញថា ប្រទេសវៀតណាម នាំចេញដំឡូងមីបានជាង៩ម៉ឺន៤ពាន់លានតោន គិតជាទឹកប្រាក់ជាង៤៣០លានដុល្លារអាមេរិក ដោយកើនឡើង១៥,៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបង្ហាញថា តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់នាំចេញ គឺ៤៥០ដុល្លារអាមេរិក ក្នុងមួយតោន ក្នុងខែមីនា ដោយកើនឡើង១,៧%បើធៀបនឹងខែកុម្ភៈ និង១៨,២% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ​តម្លៃជាមធ្យមនៃដំឡូងមី សម្រាប់ការនាំចេញ គឺ៤៥៥ដុល្លារអាមេរិក ក្នុងមួយតោន ឬប្រមាណជាង១,៨០០រៀលក្នុង១គីឡូក្រាម នៅត្រីមាសទី១ កើនឡើង១៩,៥%។

ចំណុចគួរកត់សម្គាល់ គឺថា ប្រទេសចិន ជាប្រទេសនាំចូលដំឡូងមីវៀតណាម ច្រើនជាងគេ ដែលបាននាំចូលជាង៩៤%នៃទំហំនាំចេញដំឡូងមីសរុបរបស់វៀតណាម។ ដំឡូងមី គឺគ្រឿងផ្សំអាហារប្រភេទលេខ១របស់វៀតណាម ដែលមានទំហំនាំចេញរាប់ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញដំឡូងមីរបស់វៀតណាម ក្នុងឆ្នាំ២០២៣ មានទំហំ១,៣ពាន់លានដុល្លារអាមេរិក។

ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍ​ឧស្សាហកម្មដំឡូងមី វៀតណាម សម្លឹងសម្រេចឱ្យបានទិន្នផលដំឡូងមីស្រស់សរុបចន្លោះពីជាង១១លានតោន ទៅជាង១២លានតោន ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ដោយប្រមាណ៥០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់អនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព។ ហើយនៅឆ្នាំ២០៥០ ចន្លោះពី៧០%ទៅ៨០%នៃផ្ទៃដីចម្ការដំឡូងមីទាំងអស់នឹងអនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព៕