ចំនួនពលករថៃ ដែលផុងខ្លួនជាមួយបំណុលនៅក្នុងឆ្នាំ២០២៤ មានស្ថានភាពអាក្រក់ជាងឆ្នាំមុនរហូតដល់ជាង២៦% ក្រោយពួកគេជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ដោយមកដល់ពេលនេះមានពលករថៃខ្លះរកចំណូលបានតិចជាង១៣៥ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation។
ការស្ទង់មតិមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ បានឱ្យដឹងថា ស្ថានភាពជីវភាព និងចំណូលរបស់ពលករថៃ នៅក្នុងឆ្នាំនេះ មានស្ថានភាពកាន់តែអាក្រក់ ហើយអត្រាអ្នកជំពាក់បំណុលកាន់តែមានការកើនឡើង ដោយសារការងារផ្តល់ប្រាក់ចំណូលបានតិច ហើយថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃកើនឡើង។
លោក ថាណាវាត់ ផូលវីឆ័យ (Thanawat Pholvichai) នាយកមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចថៃ បានអះអាងថា យោងទៅតាមការស្ទង់មតិកម្មករជិត១ពាន់៣រយនាក់ ដែលរកចំណូលបានទាបជាង៤០០ដុល្លារក្នុងមួយខែក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែមេសា បានរកឃើញថា ពលករថៃ ដែលរកចំណូលបានតិចជាង២៧០ដុល្លារ នៅក្នុង១ខែ មានរហូតដល់ទៅជាង១៩% ហើយក៍មានអ្នកខ្លះរកចំណូលបានទាបជាង១៣៥ដុល្លារនៅក្នុងមួយខែផងដែរ។
ក្នុងចំណោមពលករដែលមានប្រាក់ចំណូលទាបទាំងនោះ ការស្ទង់មតិបានរកឃើញថា មានពលករជាប់បំណុលស្ថាប័នហិរញ្ញវត្ថុស្របច្បាប់មានដល់ទៅជិត៦៥% ហើយជាង៣៥% គឺជាប់បំណុលអ្នកចងការក្រៅប្រព័ន្ធ។ ប្រភេទបំណុលដែលគេជំពាក់ គឺមានតាំងពីបំណុលផ្ទាល់ខ្លួន ក្រេឌីតខាត លំនៅស្ថានរហូតដល់បំណុលយានយន្ត។ មជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចថៃ បានរកឃើញថា ពលករថៃជំពាក់បំណុលគេមានតម្លៃសរុបដល់ទៅជាង៩ពាន់លានដុល្លារ កើនឡើងលើសឆ្នាំមុនរហូតដល់ជាង២៦%។
លោក ថាណាវាត់ បានអះអាងថា អ្នកដែលមានចំណូលទាបមានហានិភ័យខ្ពស់ក្នុងការខកខានបង់ប្រាក់កម្ចីរបស់ពួកគេនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដោយសារតម្លៃនៃការរស់នៅកើនឡើង។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលខាងលើ ក៏បានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធផ្តល់វិធានការផ្តល់ជំនួយដល់កម្មករនិយោជិត ដែលអត់ការងារធ្វើ និងអ្នកដែលមានបន្ទុកបំណុលច្រើនលើសលប់ផងដែរ៕