ធនាគារកណ្ដាលអាម៉េរិក បានរក្សាអត្រាការប្រាក់ឱ្យនៅថេរ ដោយគ្មានការផ្លាស់ប្ដូរកាលពីថ្ងៃពុធ ទី១ ខែឧសភា ហើយបានផ្ដល់សញ្ញាថា ខ្លួននៅតែត្រូវបញ្ចុះអត្រាការប្រាក់នៅទីបំផុត ប៉ុន្តែបានព្រមានថា ខ្លួនអាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់បាន ខណៈដែលអតិផរណាក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកមួយនេះនៅតែខ្ពស់ខ្លាំងនៅឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្ដាលអាម៉េរិក បានបញ្ជាក់ថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងត្រូវការពេលវេលាយូរជាងការរំពឹងទុក ទម្រាំអាចបញ្ចុះអត្រាការប្រាក់ ខណៈអតិផរណាក្នុងប្រទេសមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចមួយនេះនៅតែខ្ពស់ខ្លាំងនៅឡើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃរបស់គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ (FOMC) នៃធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានលើកឡើងថា អតិផរណានៅសហរដ្ឋអាម៉េរិក នៅតែខ្ពស់ខ្លាំងនៅឡើយដែលមិនប្រាកដថា អាចធ្វើឱ្យវាធ្លាក់ចុះនៅពេលណានោះទេ ហើយផ្លូវឆ្ពោះទៅមុខ ក៏មិនប្រាកដប្រជា ដែលនេះមានន័យថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងត្រូវការពេលយូរជាងការរំពឹងទុកពីមុន។
ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា លោកនៅតែរំពឹងថា អតិផរណានឹងធ្លាក់ចុះនៅវេលាណាមួយក្នុងឆ្នាំនេះ។ លោកលើកឡើងថា នេះគឺជាការព្យាកររបស់លោកផ្ទាល់ ហើយលោកគិតថា ទំនុកចិត្តរបស់លោកពេលនេះ គឺទាបជាងពីមុនដោយសារតែទិន្នន័យដែលពួកលោកទទួលបាន។ ផ្ទុយពីនេះ បណ្ដាវិនិយោគិនដែលតែងតែតាមដានជាប់ជានិច្ចនូវគោលនយោបាយរបស់ធនាគារកណ្ដាលអាម៉េរិក បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់នៅខែកញ្ញា ឆ្នាំនេះ ជាជាងបញ្ចុះនៅជិតដំណាច់ឆ្នាំនេះ៕