ក្រុមអ្នកវិភាគបានព្យាករថា តម្រូវការប្រេងឥន្ធនៈសកលអាចនឹងធ្លាក់ចុះពាក់កណ្តាលនៅឆ្នាំ២០២៤នេះ ដោយសារការផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនីនៅប្រទេសចិន និងសហរដ្ឋអាម៉េរិក។ អ្នកវិភាគអះអាងថា ការធ្លាក់ចុះតម្រូវការប្រេងឥន្ធនៈនេះចង់ ឬមិនចង់វានឹងទាញទម្លាក់ផលិតកម្មប្រេងឱ្យមានការធ្លាក់ចុះដូចគ្នានៅឆមាសទី២ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនប្រឹក្សាយោបល់ វូដ ម៉េកឆិនស៊ី (Wood Mackenzie) បានព្យាករកាលពីពេលកន្លងមកថា តម្រូវការប្រេងសាំងទំនងជានឹងកើនឡើង៣៤ម៉ឺនធុងបារ៉ែលបន្ថែម ដែលនឹងជំរុញឱ្យការប្រើប្រាស់ប្រេងឥន្ធនៈឈានដល់ជាង២៦លានធុងបារ៉ែលក្នុង១ថ្ងៃ នៅឆ្នាំនេះ ដែលជាកម្រិតមួយទាបបំផុតចាប់តាំងពីឆ្នាំ២០២០ និងជាកម្រិតមួយទាបជាងឆ្នាំមុន ដែលមានកំណើន៧០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ។
យ៉ាងណាមិញលោក ស៊ូសាន ហ្គូបតា (Sushant Gupta) អ្នកវិភាគនៅក្រុមហ៊ុន Woodmac បាននិយាយថា តម្រូវការរថយន្តអគ្គិសនី(EVs) បាននិងកំពុងកើនឡើងនៅសហរដ្ឋអាម៉េរិក និងប្រទេសចិន ដែលនឹងទាញទម្លាក់តម្រូវការប្រេងសាំងឱ្យធ្លាក់ចុះនៅឆ្នាំនេះ។ ជាក់ស្ដែង តម្រូវការប្រេងនៅចិនត្រូវបានគេព្យាករថា នឹងកើនឡើងតែ១ម៉ឺនធុងបារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតម្រូវការរថយន្តអគ្គិសនីកើនឡើងនៅក្នុងប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះ។
ដោយលោក មូកេស សាដេវ (Mukesh Sahdev)អ្នកវិភាគនៅក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy បាននិយាយថា តម្រូវការប្រេងសាំងសកលនឹងមានប្រហែល២៦លានធុងបារ៉ែលក្នុង១ថ្ងៃនៅឆ្នាំ២០២៤ នេះ ដោយកើនឡើងប្រហែល៣០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃដែលជាកំណើនមួយទាបជាងកាលពីឆ្នាំមុន ដែលមានកំណើនប្រហែល៧០ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ប្រទេសចិន ដែលជាអ្នកជំរុញតម្រូវការប្រេងសាំងរបស់ពិភពលោកត្រូវបានគេរំពឹងថា នឹងមានចំនួនច្រើនជាងពាក់កណ្តាលនៃការលក់រថយន្តអគ្គិសនីទាំងអស់នៅឆ្នាំនេះ។
ការព្យាកររបស់ក្រុមស្រាវជ្រាវនៃក្រុមហ៊ុន China National Petroleum Corp (CNPC) បង្ហាញថា ការប្រើប្រេងសាំងដោយក្រុមហ៊ុននាំចូលប្រេងឆៅធំជាងគេលើពិភពលោកនឹងកើនឡើងប្រហែលជាង១% ឬប្រហែល២លានតោនដោយឡើងដល់ជាង១៦៥លានតោននៅឆ្នាំនេះ។
ចំណែកក្រុមស្រាវជ្រាវនៃក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ចិន Sinopec បានរំពឹងថា តម្រូវការប្រេងសាំងនឹងកើនឡើងជិត២% ឬប្រហែល៣លានតោន ដោយឡើងដល់១៨២ លានតោននៅឆ្នាំនេះ៕