Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម គ្រោងចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស ដែលកំពុងបង្កភាពចម្រូងចម្រាសពេញផ្ទៃប្រទេស

Media LNN | May 09, 2024
វៀតណាម គ្រោងចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស ដែលកំពុងបង្កភាពចម្រូងចម្រាសពេញផ្ទៃប្រទេស
Clinic narith

អគ្គនាយកដ្ឋានពន្ធដារវៀតណាម បានស្នើឱ្យធនាគារកណ្ដាលវៀតណាម សិក្សាសមិទ្ធលទ្ធភាព ដើម្បីដាក់ចេញបម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ការទិញមាស រួមជាមួយនឹងយន្តការត្រួតពិនិត្យដើម្បីបង្កើនតម្លាភាព ដែលនេះជាផ្នែកមួយនៃដំណោះស្រាយមួយចំនួន ដើម្បីបង្កើនការគ្រប់គ្រងទីផ្សារមាស ដែលកំពុងមានសន្ទុះហក់ឡើងខ្លាំង។ តែទោះជាយ៉ាងណា សំណើនេះបានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងពាសពេញផ្ទៃប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។

ទាក់ទិននឹងបញ្ហានេះ លោក ង៉ូ ទ្រី ឡុង (Ngo Tri Long) ដែលជាអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ទម្លាប់នៃការប្រើប្រាស់សាច់ប្រាក់ដើម្បីទិញ និងលក់ គឺវាទូទៅហើយនៅក្នុងប្រទេសវៀតណាម ដែលពិបាកនឹងកែប្រែ ដូច្នេះបម្រាមមិនឱ្យប្រើសាច់ប្រាក់សម្រាប់ទូទាត់ប្រតិបត្តិការទិញលក់ណាមួយនឹងបង្កការជាបញ្ហាចោទ។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា ជាងនេះទៅទៀត អ្នកទិញមាសនៅវៀតណាម មានចម្រុះ មិនថាទាក់ទងនឹងអាយុ ទីតាំង និងគោលបំណងនៃការទិញមាសនោះទេ។ លោកបន្តថា ជាឧទាហរណ៍ មនុស្សចាស់ដែលរស់នៅតាមតំបន់ជនបទទិញមាសក្នុងបរិមាណតិចតួចដើម្បីសន្សំជាទ្រព្យសម្អប់ ឬ ទុកជាអំណោយសម្រាប់កូនចៅ ហើយពួកគាត់មិនសូវស្គាល់ ឬ យល់ដឹងពីប្រតិបត្តិការទូទាត់តាមប្រព័ន្ធធនាគារនោះទេ។

លោកបានលើកឡើងទៀតថា ការទូទាត់ដោយមិនប្រើសាច់ប្រាក់ គឺសមស្របតែសម្រាប់អ្នកទិញមាសសម្រាប់ការវិនិយោគ ឬទិញក្នុងបរិមាណច្រើនតែប៉ុណ្ណោះ ហើយថា បម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់គួរធ្វើឡើងសម្រាប់ប្រតិបត្តិការទិញមាស ដែលមានតម្លៃខ្ពស់ ជាឧទាហរណ៍មានតម្លៃចាប់ពី១០០លានដុង ឬ៣,៩៣០ដុល្លារអាម៉េរិកឡើងទៅដើម្បីធានាបាននូវភាពសមស្របទៅនឹងបរិបទសង្គមបច្ចុប្បន្ន។

លោក ហ៊ីញ ទ្រុង ខាញ់ (Huynh Trung Khanh) អនុប្រធានសមាគមអាជីវកម្មមាសវៀតណាម និងជាទីប្រឹក្សាប្រចាំប្រទេសវៀតណាម នៃស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក ជាអង្គការឃ្លាំមើលការវិវត្តនៃទីផ្សារសម្រាប់ឧស្សាហកម្មមាសដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស បានលើកឡើងថា សំណើដាក់បម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ប្រតិបត្តិការទិញមាសនេះនៅខ្វះការសិក្សាសមិទ្ធិលទ្ធភាព។

លោកបានបន្តថា អតិថិជននឹងផ្ទុះប្រតិកម្មមុនគេ មិនមែនអាជីវករលក់មាសនោះទេ។ ការទូទាត់ដោយមិនប្រើសាច់ប្រាក់ដែលត្រូវបានកំណត់ជាកំហិតនេះ គឺមិនសមរម្យសម្រាប់ប្រតិបត្តិការទិញមាសក្នុងបរិមាណ និងតម្លៃតិចតួចនោះឡើយ ហើយមានពលរដ្ឋវៀតណាម ច្រើនណាស់ដែលមិនទាន់មានគណនីធនាគារ ឬប័ណ្ណឥណទានប្រើនៅឡើយ។

អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត​​ គឺលោក វូ ឌិញ អាញ់ (Vu Dình Anh) និយាយថា បម្រាមមិនឱ្យទូទាត់ជាសាច់ប្រាក់សម្រាប់ប្រតិបត្តិការទិញមាសនេះ មិនមែនជាដំណោះស្រាយល្អសម្រាប់ដោះស្រាយគម្លាតដ៏ធំរវាងតម្លៃមាសក្នុងស្រុក និងតម្លៃមាសនៅលើទីផ្សារអន្តរជាតិ នោះឡើយ ហើយវាក៏មិនអាចជួយទប់ការជ្រួលជ្រើមសម្រុកទិញមាសបាននោះដែរ៕