ក្រុមអ្នកនាំចេញនៅក្នុងប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមធ្វើពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដោយប្រើប្រាក់រូពីរបស់ឥណ្ឌា កាលពីពេលថ្មីៗនេះបានចំណាយរហូតដល់ទៅជិត៤ពាន់លានដុល្លារអាមេរិក ដើម្បីទិញសព្វាវុធដែលផលិតដោយឥណ្ឌា។ ទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដកចេញពីមូលនិធិ ដែលក្រុមហ៊ុនទាំងនោះរក្សាទុកចោលនៅក្នុងគណនី វ៉ូស្ត្រូ ឬ Vostro Accounts របស់ខ្លួន។
គិតមកទល់នឹងខែតុលា ឆ្នាំ២០២៣ ក្រុមអ្នកនាំចេញរបស់រុស្ស៊ីបានរក្សាទុកប្រាក់រហូតដល់ទៅប្រមាណ៨ពាន់លានដុល្លារ នៅក្នុងគណនី វ៉ូស្ត្រូ (Vostro Accounts)។ គណនី វ៉ូស្ត្រូ ឬ Vostro Accounts ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងឥណ្ឌា ដោយប្រើប្រាក់រូពីរបស់ឥណ្ឌា និងត្រូវបានគ្រប់គ្រងដោយធនាគារក្នុងស្រុកជួសមុខឱ្យធនាគារបរទេស។
យោងតាមប្រភពសារព័ត៌មានមួយរបស់ឥណ្ឌា កាលពីពេលថ្មីៗនេះបង្ហាញថា ដោយសារកង្វះឱកាសវិនិយោគនៅក្នុងប្រទេសឥណ្ឌា ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលរក្សាទុកក្នុងគណនី វ៉ូស្ត្រូ (Vostro Accounts) របស់ក្រុមអ្នកនាំចេញរុស្ស៊ី ត្រូវបានទុកចោលមកទល់ពេលនេះ៕