Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិកដំឡើងពន្ធ លើទំនិញនាំចូល ពីប្រទេសចិនតម្លៃ ១៨ពាន់លានដុល្លារ

Media LNN | May 15, 2024
សហរដ្ឋអាមេរិកដំឡើងពន្ធ លើទំនិញនាំចូល ពីប្រទេសចិនតម្លៃ ១៨ពាន់លានដុល្លារ
Clinic narith

(វ៉ាស៊ីនតោន)៖ សេតវិមានបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងដំឡើងពន្ធ លើការនាំចូលទំនិញពីប្រទេសចិនតម្លៃ ១៨ពាន់លានដុល្លារ ដោយផ្តោតលើវិស័យយុទ្ធសាស្ត្រនានា ដូចជារថយន្តអគ្គិសនី អាគុយ ដែក និងសារធាតុរ៉ែសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីជាថ្មី ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។

សេតវិមានបានឱ្យដឹងថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានដំឡើងបួនដងដល់ ១០០ភាគរយនៅឆ្នាំនេះ ខណៈដែលពន្ធលើគ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី ២៥ភាគរយទៅ ៥០ភាគរយនៅឆ្នាំក្រោយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសេតវិមានថា ចំណាត់ការនេះមានគោលបំណង ជំរុញប្រទេសចិនឱ្យ «លុបបំបាត់ការអនុវត្តពាណិជ្ជកម្មមិនស្មើភាព របស់ខ្លួនទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងនវានុវត្តន៍»។

ការដំឡើងពន្ធគយនេះ ធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញ ទៅលើពន្ធដែលបានដាក់ ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញពន្ធគយលើទំនិញតម្លៃប្រហែល ៣០០ពាន់លានដុល្លារដែលនាំចូលពីប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិន បានព្រមានថា ពន្ធថ្មីនេះនឹង «ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាស សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី» ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលវិធានការនេះវិញ។ ដោយហៅការដំឡើងពន្ធគយនេះថា ជាការយកបញ្ហាសេដ្ឋកិច្ចទៅជំពាក់ជំពិន ជាមួយនយោបាយ ទីក្រុងប៉េកាំងបានបន្ថែមថា ខ្លួនប្រឆាំងយ៉ាងដាច់ខាតចំពោះវិធានការនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕