(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួម ក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបប ដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួម ក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបប ដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់មនសិការ នៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឲ្យខាងតែបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជានឹងបន្តអនុវត្តគោលនយោបាយ ការបរទេសឯករាជ្យផ្នែកលើច្បាប់ កសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជាជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងពិភពលោក និងជាមួយអង្គការអន្តរជាតិនានា។
លើសពីនោះទៀត ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាពសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្ពុជា នឹងបន្តការពារខ្លួនប្រឆាំង ការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជា ឲ្យទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី៕