ការស្ទង់មតិរបស់វិទ្យាស្ថានមួយនៅប្រទេសសិង្ហបុរី ដែលធ្វើឡើងទៅលើអ្នកឆ្លើយសំណួរជិត២ពាន់នាក់មកពីប្រទេសអាស៊ានទាំង១០ បានចាត់ទុកថា ចិន ជាមហាអំណាចសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ទន្ទឹមនឹងការបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលរបស់មហាយក្សមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
លទ្ធផលនៃការស្ទង់មតិដោយវិទ្យាស្ថាន អាយស៊ីស-យូសូហ្វ អ៊ីស្សាក (ISEAS-Yusof Ishak Institute) មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា បង្ហាញថា ប្រទេសចិន ត្រូវបានចាត់ទុកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍។
អ្នកឆ្លើយ៧៨% នៅក្នុងប្រទេសឡាវ និងអ្នកឆ្លើយ៧១% នៅក្នុងប្រទេសថៃ បានចាត់ទុកប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេ។ របាយការណ៍នេះបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងនាមជាអ្នកវិនិយោគបរទេសធំបំផុតរបស់ប្រទេសឡាវ និងជាទីផ្សារនាំចេញដ៏ចម្បងរបស់ឡាវ។
សូមបញ្ជាក់ថា មានតែប្រទេសពីរនេះប៉ុណ្ណោះ ដែលអ្នកឆ្លើយជាង៧០% យល់ថា មហាយក្សចិន មានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងជាងប្រទេសមហាអំណាចផ្សេងទៀតដូចជាសហរដ្ឋអាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុបជាដើម។
ជាការពិតណាស់ ទោះបីជាប្រទេសចិន មានឥទ្ធិពលសេដ្ឋកិច្ចខ្លាំងបំផុតនៅទូទាំងតំបន់អាស៊ានយ៉ាងណាក្ដី ក៏ប្រទេសផ្សេងៗទៀតរួមទាំងសហរដ្ឋអាម៉េរិក មានឥទ្ធិពលខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងប្រទេសហ្វីលីពីន អ្នកឆ្លើយ៣១%យល់ថា ប្រទេសចិន ជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់ ខណៈដែលអ្នកឆ្លើយ២៨% យល់ថា សហរដ្ឋអាម៉េរិក ជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់ ចំណែកឯឆ្លើយ២៦%ទៀតយល់ថា អាស៊ាន ខ្លួនឯងជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់។
ការស្ទង់មតិនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាមហាយក្សចិន មានទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយបណ្តាប្រទេសអាស៊ាន យ៉ាងណាក្ដី ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ជាពិសេសមានការព្រួយបារម្ភខ្ពស់ទាំងសម្រាប់វៀតណាម និងមីយ៉ាន់ម៉ា ដែលមានរហូតដល់៨៨% បន្ទាប់មកគឺថៃ និងឡាវ ដែលនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងការពឹងផ្អែកផ្នែកសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយអន្តរជាតិ៕