(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។ កិច្ចប្រជុំបានចាប់ផ្តើមដោយសុន្ទរកថាបើកកិច្ចប្រជុំ និងសារៈប្រយោជន៍នៃការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងកិច្ចប្រជុំនេះ ក៏បានផ្តល់ឱកាសឱ្យប្រធានប្រតិភូគណបក្សនីមួយៗអំពីការរួមចំណែកផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបច្ចុប្បន្នភាពសង្គមរយៈពេល៦ខែកន្លងមក និងចក្ខុវិស័យនៃការរំពឹងទុកដោយប្រធានប្រតិភូគណបក្សនីមួយៗផងដែរ។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា នាយករដ្ឋមន្ត្រីកាល ពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។
ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣ រួមមាន៖ ១) ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល, ២) ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង៣) តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចស្នើ ឬផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីអំពីតម្រូវការចាំបាច់ជាក់ស្តែងនៃការរៀបចំតាក់តែងធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជូននាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានពាក់ព័ន្ធ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចផ្តល់មតិលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលរៀបចំដោយក្រសួង ឬរដ្ឋលេខាធិការដ្ឋាន ជូននាយករដ្ឋមន្ត្រីឱ្យបានមុនពេលប្រជុំគណៈរដ្ឋមន្ត្រី។
ក្នុងការបំពេញភារកិច្ច ប្រតិភូគណបក្សនយោបាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិពេញលេញក្នុងការចុះធ្វើការតាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅជួយរកឱ្យឃើញនូវភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងការរំលោភបំពានអំណាចពីសំណាក់បុគ្គលជាមន្ត្រី ឬអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ថ្នាក់។ ក្នុងការចុះបំពេញការងារនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រើប្រាស់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីឱ្យដំណើរការការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះ គណបក្សនយោបាយចូលរួមចំនួន២៩។ គណបក្សនយោបាយទាំងនោះ រួមមានដូចជា៖
១. គណបក្ស ប្រជាជនកម្ពុជា
២. គណបក្ស ខ្មែររួបរួមជាតិ
៣. គណបក្ស ពន្លឺថ្មី
៤. គណបក្ស សញ្ញាតិកម្ពុជា
៥. គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦. គណបក្ស នគរប្រជាធិបតេយ្យ
៧. គណបក្ស រស្មីខេមរា
៨. គណបក្ស ខ្មែរសាធរណរដ្ឋ
៩. គណបក្ស ហ៊ុនស៊ិនប៉ិច
១០. គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១១. គណបក្ស យុវជនកម្ពុជា
១២. គណបក្ស ធម្មាធិបតេយ្យ
១៣. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៤. គណបក្ស ខ្មែរតែមួយ
១៥. គណបក្ស កម្លាំប្រជាធិបតេយ្យ
១៦. គណបក្ស កសិករ
១៧. គណបក្ស ស្ត្រីដើម្បីស្ត្រី
១៨. គណបក្ស បំណងពលរដ្ឋ
១៩. គណបក្ស ឯកភាពជាតិខ្មែរ
២០. គណបក្ស ខ្មែរអភិរក្ស
២១. គណបក្ស អំណាចប្រជាពលរដ្ឋ
២២. គណបក្ស មហាសាមគ្គីជាតិខ្មែរ
២៣. គណបក្ស ខ្មែរអង្គរ
២៤. គណបក្ស អភិវឌ្ឍន៍កម្ពុជា
២៥. គណបក្ស មហានគរ
២៦. គណបក្ស ខ្មែរឈ្នះ
២៧. គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ
២៨. គណបក្ស មូលីណាកា
២៩. គណបក្ស ចលនាប្រជាធិបតេយ្យ៕