Alynana Media Cambodia
Icon Collap
clinic narit

តើមានកត្តាចម្បងអ្វីធ្វើឱ្យអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ?

Media LNN | May 24, 2024
តើមានកត្តាចម្បងអ្វីធ្វើឱ្យអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ?
Clinic narith

តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យអាល្លឺម៉ង់ ដែលជាបងធំសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ? យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News បានឱ្យដឹងថា អត្រាការប្រាក់ខ្ពស់ និងស្ថានភាពសេដ្ឋកិច្ច ស្ថិតក្នុងភាពមិនច្បាស់លាស់កំពុងរុញច្រានឱ្យបណ្ដាវិនិយោគិនបរទេសងាកចេញពីវិស័យអចលនទ្រព្យរបស់អាល្លឺម៉ង់ ដែលនាំឱ្យវិស័យនេះធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ BNP Paribas Real Estate បានបង្ហាញថា ៣៥%នៃអ្នកទិញអចលនទ្រព្យពាណិជ្ជកម្ម ដែលរួមមាន សណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ឃ្លាំង ហាងទំនិញដុំ ឬរាយ និងអគារសេវាកម្មចម្រុះជាដើម នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ គឺជាវិនិយោគិនបរទេស បានធ្លាក់ចុះពី៣៧%។

ការធ្លាក់ចុះការវិនិយោគនេះត្រូវបានជំរុញដោយកត្តាមួយចំនួនដូចជា អតិផរណាខ្ពស់ និងការភ័យខ្លាចថា សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ អាចនឹងធ្លាក់ចូលក្នុងវិបត្តិជាដើម។

ទោះបីជាសេដ្ឋកិច្ចអាល្លឺម៉ង់ ដំណើរការល្អជាងការរំពឹងទុកក្នុងត្រីមាសទី១ ដើមឆ្នាំនេះជាមួយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,២%យ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញជឿថា បញ្ហារចនាសម្ព័ន្ធនឹងបន្តរារាំងសន្ទុះកំណើនរបស់ប្រទេសនេះ។

សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានធ្លាក់ចុះ០,៣% ទាំងក្នុងត្រីមាសទី៤ និងពេញមួយឆ្នាំ២០២៣ ដែលធ្វើឱ្យអាល្លឺម៉ង់ ក្លាយជាប្រទេសមានសេដ្ឋកិច្ចដ៏ធំ ដែលមានសន្ទុះកំណើនសេដ្ឋកិច្ចអន់បំផុតទូទាំងពិភពលោក។

ការធ្លាក់ចុះនេះមួយផ្នែកបណ្ដាលមកពីវិបត្តិថាមពលនៅតំបន់អឺរ៉ុប ដោយសារតែវិស័យឧស្សាហកម្មរបស់អាល្លឺម៉ង់ ពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈរបស់រុស្ស៊ី។ ទោះជាបែបនេះក្ដី ក៏មានបញ្ហាចម្បងជាច្រើនទៀត ដែលរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅថ្ងៃអនាគត ក្នុងនោះរួមមាន ប្រជាជនមានវ័យចំណាស់កាន់តែច្រើន កង្វះការវិនិយោគសាធារណៈ ការិយាធិបតេយ្យមានច្រើនហួសហេតុ និងផលិតភាពយឺតជាដើម ដែលសុទ្ធតែបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ធ្លាក់ចុះ។

អ្នកជំនាញខ្លះអះអាងថា ការសម្របខ្លួនយឺត ឬការតាមមិនទាន់ភាពជឿនលឿននៃបច្ចេកវិទ្យាក៏ជាកត្តាដ៏ចម្បងមួយដែលធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ ធ្លាក់ចុះផងដែរ៕