Alynana Media Cambodia
Icon Collap
clinic narit

ប៉ាគីស្ថាន កំពុងហ៊ុំព័ទ្ធដោយបំណុលស្នើឱ្យចិន បន្ធូរបន្ថយបំណុល១៥ពាន់លានដុល្លារ

Admin Alynana | May 25, 2024
ប៉ាគីស្ថាន កំពុងហ៊ុំព័ទ្ធដោយបំណុលស្នើឱ្យចិន បន្ធូរបន្ថយបំណុល១៥ពាន់លានដុល្លារ
Clinic narith

ប្រទេសប៉ាគីស្ថាន ដែលកំពុងជួបវិបត្តិជាប់គាំងសាច់ប្រាក់ និងហ៊ុំព័ទ្ធដោយបំណុលបានស្នើឱ្យរដ្ឋាភិបាលចិន ជួយបន្ធូរបន្ថយបំណុលថាមពលអគ្គិសនី ដែលខ្លួនបានជំពាក់ក្រុមហ៊ុនផលិតអគ្គិសនីចិន ជាង១៥ពាន់លានដុល្លារ។ ការស្នើសុំរបស់ប៉ាគីស្ថាននេះ កំពុងជំរុញឱ្យទីក្រុងប៉េកាំង មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសនេះ នាពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

បច្ចុប្បន្នប្រទេសប៉ាគីស្ថាន បានខកខានសងវិក័យបត្រតម្លៃជិត២ពាន់លានដុល្លាររបស់បណ្តារោងចក្រថាមពលគាំទ្រដោយចិន ចំនួន២០កន្លែង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។ រោងចក្រភាគច្រើនត្រូវបានសាងសង់នៅក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ក្នុងតម្លៃ៥០ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។

យ៉ាងណាក៏ដោយទីក្រុងអ៊ីស្លាម៉ាបាត កាលពីចុងសប្តាហ៍មុនបានប្រកាសថា ខ្លួនកំពុងស្វែងរកការរៀបចំជាថ្មីនូវរចនាសម្ព័ន្ធបំណុលជាង១៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងកម្ចីសម្រាប់ការសាងសង់រោងចក្រដែលផ្ដល់មូលនិធិដោយចិន​ទាំងអស់នោះ។ បើតាមមន្ត្រីដែលពាក់ព័ន្ធក្នុងដំណើរការនេះ ប៉ាគីស្ថានចង់សុំឱ្យក្រុមហ៊ុនចិនទាំងនេះពន្យារពេលសងបំណុល៥ឆ្នាំបន្ថែមទៀត ដើម្បីឱ្យខ្លួនអាចសន្សំការចំណាយលើសេវាបំណុលបានប្រហែល២ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ប៉ាគីស្ថាន ចង់ឱ្យភាគីចិន អនុម័តលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនេះឱ្យបានមុនពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែក្រោយនេះ។ ប៉ុន្តែអ្នកសង្កេតការណ៍បាននិយាយថា ការបញ្ចុះបញ្ចូលចិន ឱ្យធ្វើបែបនេះអាចជារឿងលំបាកបំផុត ប៉ុន្តែចិន អាចនឹងផ្តល់ប្រាក់កម្ចីសម្រាប់យកទៅទូទាត់សងប្រាក់កម្ចីនៃគម្រោងថាមពលទាំងនោះ។

ការស្នើសុំនេះបានធ្វើឡើងចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធយ៉ាងសាហាវទៅលើជនជាតិចិន និងផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងប្រទេសប៉ាគីស្ថាន៕​