ក្រុមហ៊ុនផលិតបន្ទះឈីប ឫបន្ទះសៀឃ្វីធំៗនៅលើពិភពលោកបានអះអាងថា ពួកគេអាចមានសមត្ថភាពផ្តាច់ប្រតិបត្តិការអាវុធចិន មិនឱ្យមានប្រសិទ្ធភាពពីចម្ងាយបាន ប្រសិនបើប្រទេសចិន បើកការវាយប្រហារលើកោះតៃវ៉ាន់។ អ្នកវិភាគបានអះអាងថា ការអះអាងបែបនេះកំពុងតែបន្សាបការភ័យខ្លាចរបស់ពិភពលោក ដែលព្រួយបារម្ភថា ចិននឹងលុកលុយតៃវ៉ាន់ ដែលនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
សារព័ត៌មាន Business Insider បានចុះផ្សាយនូវអត្ថបទមួយ ដែលកំពុងតែបន្សាបភាពភ័យខ្លាចនិងការព្រួយបារម្ភអំពីផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកនៅពេលដែលចិន បើកការលុកលុយកោះតៃវ៉ាន់ ខណៈដែលចិន កំពុងតែដាក់ការសង្ស័យកាន់តែខ្លាំងលើប្រធានាធិបតីថ្មី ដែលទើបចូលកាន់ដំណែង។
ទីក្រុងប៉េកាំងបានប្រាប់ និងបញ្ជាក់ដដែលៗថា ខ្លួននឹងមិនរូញរា ឫញញើតនឹងការប្រើប្រាស់កម្លាំង ដើម្បីនឹងលុកលុយកោះតៃវ៉ាន់ឡើយ ប្រសិនបើរដ្ឋដែលកំពុងគ្រប់គ្រងដោយរបបដាច់ដោយឡែកពីខ្លួនប្រកាសឯករាជ្យ ប៉ុន្តែក្រុមហ៊ុនផលិតបន្ទះឈីបធំៗដូចជា ASML និង TSMC បានចេញមកអះអាងថា ពួកគេអាចបញ្ជាបិទប្រតិបត្តិការអាវុធចិន ដែលបំពាក់បន្ទះឈីបនេះពីចម្ងាយបាន។
ក្រុមហ៊ុន ASML ជាក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អឺរ៉ុបមានមូលដ្ឋាននៅប្រទេសហូឡង់ ហើយក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺកំពុងតែកាន់កាប់ផលិតកម្មបន្ទះឈីបប្រមាណជា៩០% ។
ការបញ្ជាក់អំពីសមត្ថភាពគ្រប់គ្រងប្រសិទ្ធភាពបន្ទះឈីបពីសំណាក់ក្រុមហ៊ុនទាំងពីរនេះ កើតឡើងចំពេលដែល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងតែបង្កើនសម្ពាធដាក់គ្នាទៅវិញទៅមក និងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើលទ្ធភាព នៃការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាខេត្តមួយរបស់ខ្លួន៕