Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីតៃវ៉ាន់ថ្មីបន្ទន់ឥរិយាបថចង់ធ្វើការជាមួយចិន តែបានបើកទ្វារស្វាគមន៍គណៈប្រតិភូសភាអាម៉េរិក

Media LNN | May 28, 2024
ប្រធានាធិបតីតៃវ៉ាន់ថ្មីបន្ទន់ឥរិយាបថចង់ធ្វើការជាមួយចិន តែបានបើកទ្វារស្វាគមន៍គណៈប្រតិភូសភាអាម៉េរិក
Clinic narith

លោក ឡៃ ជីងតេ ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី បានចូលកាន់ដំណែងនៅក្រោមសម្ពាធពីចិន ប៉ុន្តែលោកនៅតែរក្សាជំហររឹងមាំក្នុងការធានាលទ្ធិប្រជាធិបតីសម្រាប់កោះនេះ ហើយបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា លោកនឹងធ្វើការជាមួយចិន។ ទន្ទឹមនឹងបង្ហាញបំណងចង់ធ្វើការជាមួយចិន កោះតៃវ៉ាន់ ក៏បានបើកទ្វារទទួលគណៈប្រតិភូសភាអាម៉េរិក៦រូបមកកាន់កោះនេះផងដែរ។ នេះបើតាមសេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Channel News Asia។

ប្រធានាធិបតីតៃវ៉ាន់ថ្មីបាននិយាយកាលពីថ្ងៃទី២៦ ឧសភា ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសចិន ទោះបីជាទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធាជុំវិញកោះក្រោមការគ្រប់គ្រងរបស់ខ្លួនក៏ដោយ។ ក្រោយលោក ឡៃ ជីងតេ ស្បថចូលកាន់តំណែងបាន៣ថ្ងៃ មាននាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិនជាច្រើនបានឡោមព័ទ្ធកោះតៃវ៉ាន់ ក្នុងសមយុទ្ធតាមត្រាប់ ដែលចិនបាននិយាយថា ជាការសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការដណ្តើមយកកោះនេះ។

នៅក្នុងស្ថានភាពបែបនេះ លោក ឡៃ បានប្រាប់អ្នកសារព័ត៌មានថា លោកចង់ឱ្យកោះតៃវ៉ាន់ និងចិនរួមគ្នាផ្តល់ការទទួលខុសត្រូវដ៏សំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់។ លោកបានអះអាងថា លោកបានទន្ទឹងរង់ចាំការពង្រឹងការយល់ពីគ្នាទៅវិញទៅមក និងការផ្សះផ្សាគ្នាតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីឆ្ពោះទៅរកជំហរសន្តិភាព និងវិបុលភាពរួម។

ទំនាក់ទំនងរវាងចិន និងកោះតៃវ៉ាន់ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ២០១៦ ក្រោយការឡើងកាន់តំណែងរបស់អតីតប្រធានាធិបតីលោកស្រី សៃ អ៊ីង វេន ជាមួយការសន្យាថា នឹងការពារអធិបតេយ្យភាពរបស់កោះមួយនេះ។

លោក ឡៃ ដែលមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដូចគ្នា ក៏បានប្តេជ្ញារក្សាគោលនយោបាយរបស់អតីតបុព្វការីរបស់លោកក្នុងការកសាងសមត្ថភាពការពាររបស់កោះតៃវ៉ាន់ដែរ ប៉ុន្តែលោកបានបន្ទន់ឥរិយាបថបន្តិច ដោយបង្ហាញជំហរ និងស្វាគមន៍ការសន្ទនាជាមួយប្រទេសចិន ហើយក៏នៅតែខិតខំរក្សាទំនាក់ទំនងជាពិសេសជាមួយនឹងសហរដ្ឋអាម៉េរិក។

ស្របពេលជាមួយគ្នានេះដែរ គណៈប្រតិភូសភាអាម៉េរិកមួយក្រុម ដែលមានគ្នា៦នាក់ បានមកដល់កោះតៃវ៉ាន់ ក្រោមការដឹកនាំរបស់លោក ម៉ាយឃើល ម៉ាខូល (Michael McCaul ) ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាមកពីគណបក្សសាធារណរដ្ឋ ហើយបានជួបនឹងលោក ឡៃ ដោយបានផ្លាស់ប្តូទស្សនៈ ស្តីពី សន្តិភាពនិងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។

លោក ម៉ាខូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តៃវ៉ាន់ គឺជាកោះប្រជាធិបតេយ្យដែលរីកចម្រើន ហើយអាម៉េរិកនឹងបន្តឈរ និងធ្វើការជាមួយកោះនេះ ដើម្បីរក្សាស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕