ស្របពេលវិស័យធនគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយ ចំនួនអ្នកប្រើប្រាស់កម្ចីក្នុងប្រព័ន្ធធនាគារ ក៏មានការកើនឡើងផងដែរ។ ជាក់ស្តែង បើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជាចេញផ្សាយថ្មីៗនេះបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កន្លងទៅ មានរូបវន្តបុគ្គល ម្ចាស់ក្រុមហ៊ុន និងសហគ្រាសជិត៥លាននាក់កំពុងប្រើប្រាស់ប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ CBC ទាំង១៩៤ស្ថាប័ន ដោយមានទំហំទឹកប្រាក់កម្ចីសរុបប្រមាណ៥៧,៦ពាន់លានដុល្លារអាម៉េរិក។
ឆ្លើយតបនឹងសំណួរនេះ លោកជំទាវ ជា សិរី អគ្គទេសាភិបាលកម្ពុជាបានលើកឡើងកាលពីពេលកន្លងមកថា ការខ្ចីប្រាក់ពីប្រព័ន្ធធនាគារមិនមែនជារឿងអាក្រក់នោះទេ ប្រសិនបើការខ្ចីមានគោលដៅ និងផែនការច្បាស់លាស់សម្រាប់បម្រើឲ្យការពង្រីក ឬបើកអាជីវកម្ម។ ប៉ុន្តែបើការខ្ចីនោះ ដើម្បីបម្រើឲ្យភាពសប្បាយហ៊ឺហា មិនមានគោលដៅច្បាស់លាស់ទើបជារឿងមិនល្អ។
ទន្ទឹមនឹងនេះប្រធានធនគារកណ្តាលរូបនេះ ក៏បានបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋជៀសវាងការខ្ចីប្រាក់ពីស្ថាប័ន ឬអ្នកមានលុយក្រៅផ្លូវការ ដ្បិតវាអាចធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងបញ្ហាវ័ណ្ឌកជាមួយបំណុល។ ព្រោះថា ការខ្ចីប្រាក់ក្រៅផ្លូវការ វាមិនត្រឹមតែមានអត្រាការប្រាក់ខ្ពស់នោះទេ ថែមទាំងពិបាកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ក្នុងករណីមានបញ្ហាអ្វីមួយកើតឡើង បើទោះបីការខ្ចីប្រាក់តាមរបៀបនេះមានភាពងាយស្រួលជាងការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក៏ដោយ។
យ៉ាងណាមិញថ្នាក់ដឹកនាំធនាគារជាតិរូបនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋងាកមកទទួលសេវាកម្ចីប្រាក់ពីគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ព្រោះវាមានហានិភ័យទាប ហើយពេលមានបញ្ហាអ្វីមួយកើតឡើង អាចនឹងទទួលការជួយសម្របសម្រួលពីធនាគារជាតិ នៃកម្ពុជា ដែលជាអាណាព្យាបាលរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ។ ម្យ៉ាងទៀតការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ មានអត្រាការប្រាក់ទាបជាងការខ្ចីប្រាក់ក្រៅផ្លូវការ។
ជុំវិញនឹងបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា អ្នកជំនួយជោគជ័យភាគច្រើននៅលើពិភពលោកមិនមែនសុទ្ធតែកើតចេញពីការប្រើប្រាស់ទុនរបស់ខ្លួនទាំងស្រុងនោះទេ ពោលគឺភាពជោគជ័យមួយចំនួន គឺមានការរួមផ្សំពីកម្ចីរបស់ប្រព័ន្ធធនាគារ។ ក្នុងន័យនេះ ឯកឧត្តម ចង់បញ្ជាក់ថា ការខ្ចីពីប្រព័ន្ធធនាគារមិនមែនជារឿងអាក្រក់នោះទេ ឱ្យតែការខ្ចីមានគោលដៅត្រឹមត្រូវ និងច្បាស់លាស់។
ដោយឡែក លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ឈានទៅរករបត់នៃកំណើនមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។
ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំជាង៨៤ពាន់លានដុល្លារ ស្មើនឹងជាង២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែកឥណទានអតិថិជនកើនដល់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា៣លាន៨សែនគណនី។ ជាមួយគ្នានេះប្រាក់បញ្ញើបានកើនឡើងដល់ជិត៤៨ពាន់លានដុល្លារ ដែលមានប្រមាណជា១៨លាន៦សែនគណនី។
លោក រ័ត្ន សោភ័ណ បានចាត់ទុកសមិទ្ធផននេះ គឺសក្ខីភាពនេះបានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
អ្នកជំនាញរូបនេះអះអាងថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កម្រិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួនផងដែរ។បើតាមការវាយតម្លៃរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារកម្ពុជានៅឆ្នាំ២០២៣ បន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង។
ប៉ុន្តែការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទានបានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ៕