(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុណ ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានប្រកាសចាប់ផ្ដើមបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន ខណៈព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្ដ និងផ្ដល់ឯករាជភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាតែម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតីបានថ្លែងថា «កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើនចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង»។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថាឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណេះខ្មែរធ្វើបាន បើទោះពីជាគ្មាការចូលរួមវិនិយោគពីណាក៏ដោយក៏ខ្មែរអាចធ្វើបានដែរ។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះអាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ ប៉ុន្ដែព្រែកជីកនេះនឹងផ្ដល់ឯករាជភាពការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាវត្តិសាស្រ្ដ៕