ក្រុមអ្នកជំនាញបានព្យាករថា ច្បាប់ភូមិបាលថ្មីឆ្នាំ២០២៤ របស់វៀតណាម ដែលបានលុបចោលក្របខណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋ និងដែលអនុញ្ញាតឱ្យទីផ្សារជាអ្នកកំណត់ដោយខ្លួនឯងវិញម្ដងនោះ នឹងធ្វើឱ្យតម្លៃលំនៅឋានហក់ឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ច្បាប់ភូមិបាលថ្មីឆ្នាំ២០២៤ របស់វៀតណាម ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺលឿនជាងការគ្រោងទុកដល់ទៅ៦ខែឯណោះ។ ច្បាប់ថ្មីនេះចែងអំពីគោលនយោបាយថ្មីៗរួមទាំងការលុបចោលក្របខណ្ឌកំណត់តម្លៃដីធ្លីដោយរដ្ឋ និងការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីប្រចាំឆ្នាំដោយរដ្ឋផងដែរ។
លោកស្រី ញ៉ាង ដូ (Giang Do) នាយកផ្នែកសេវាកម្មផ្ដល់ប្រឹក្សាយោបល់នៅក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានលើកឡើងថា ការកំណត់តម្លៃដីធ្លីដោយផ្អែកលើតម្លៃទីផ្សារនេះនឹងធ្វើឱ្យតម្លៃដីធ្លីហក់ឡើង ហើយកត្តានេះនឹងនាំឱ្យការបង់ពន្ធលើដីធ្លីកើនឡើងកាន់តែខ្ពស់ផងដែរ។ លោកស្រីបានបន្ថែមថា ច្បាប់ថ្មីនេះនឹងធ្វើឱ្យការវិនិយោគលើគម្រោងសរុបកើនឡើង ហើយជាលទ្ធផលវានឹងបង្ខំឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ដំឡើងថ្លៃលក់របស់ពួកគេ។
ស្រដៀងគ្នានេះដែរ លោក ឌិញ មីញ ទួន (Dinh Minh Tuan) នាយកគេហទំព័រស្វែងរកអចលនទ្រព្យវៀតណាម Batdongsan បាននិយាយថា តម្លៃដីធ្លីនឹងហក់ឡើង ដែលនឹងជំរុញឱ្យអ្វីៗឡើងថ្លៃទៅតាមនោះដែរ នៅពេលច្បាប់ថ្មីនេះចូលជាធរមាន។
ចំណែកឯលោក ង្វៀន វ៉ាន់ ឌិញ (Nguyen Van Dinh) ប្រធានសមាគមភ្នាក់ងារអចលនវត្ថុវៀតណាមបានលើកឡើងថា តម្លៃអចលនទ្រព្យអាចនឹងហក់ឡើង នៅពេលដែលក្របខណ្ឌកំណត់តម្លៃដីដោយរដ្ឋត្រូវបានដកចេញ។
តម្លៃដីធ្លីនៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម បានហក់ឡើងច្រើនអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដែលនៅក្នុងតំបន់ខ្លះបានហក់ឡើងចន្លោះពី៤០%ទៅ៥០%បើធៀបទៅនឹងសម័យកាលមុនវិបត្តិកូវីដ-១៩៕