សហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រចាំថ្ងៃឱ្យឡើងដល់៤០០បាត ឫជិត១១ដុល្លារនៅទូទាំងប្រទេស ពីព្រោះទឹកប្រាក់នេះ គឺបានផលដល់កម្មករចំណាកស្រុកជាជាងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ បច្ចុប្បន្នថៃ គឺជាប្រទេសគោលដៅសម្រាប់ពលករពី២,៦ទៅ៣លាននាក់មកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ខណៈនៅក្នុង១ឆ្នាំពួកគេបានផ្ញើរប្រាក់ទៅស្រុកដល់ទៅជាង២ពាន់៧រយលានដុល្លារ។
សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា សហព័ន្ធឧស្សាហកម្មថៃបានស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួនពិចារណាឡើងវិញនូវផែនការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រចាំថ្ងៃឱ្យដល់៤០០បាត ឫជិត១១ដុល្លារនៅទូទាំងប្រទេស។
លោក វីវាត់ ហេមុនដារ៉ុត ( Wiwat Hemmondharop )អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ទឹកប្រាក់ដែលរដ្ឋាភិបាលថៃគ្រោងនឹងតម្លើង គឺភាគច្រើនបានទៅលើពលករបរទេស ហើយពួកគេភាគច្រើនសន្សំប្រាក់ទាំងនេះរួចផ្ញើទៅសាមីប្រទេសកំណើត។
លោកបានបន្តថា ប្រសិនបើអាជ្ញាធរជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួល នោះប្រទេសថៃទំនងជាមិនទទួលបានអត្ថប្រយោជន៍ពេញលេញពីគោលនយោបាយគាំពារសេដ្ឋកិច្ចនេះទេ។
លោកបាននិយាយថា កម្មករចំណាកស្រុកមានទំនោរចំណាយត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់ពួកគេនៅក្នុងប្រទេសថៃ។នៅពេលនេះប្រទេសថៃ គឺជាប្រទេសគោលដៅសម្រាប់ពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាដែលមានប្រមាណជាពី២,៦ទៅ៣លាននាក់ ហើយនៅក្នុងមួយឆ្នាំៗ ពួកគេបានផ្ទេរប្រាក់ទៅស្រុកកំណើនមានតម្លៃជាង២ពាន់៧រយលានដុល្លារក្នុងមួយឆ្នាំ៕