Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា

Media LNN | May 30, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រាប់ឲ្យរួមគ្នាទប់ស្កាត់ អំពើជ្រុលនិយមក្នុងសាសនា ដើម្បីបញ្ចៀសជម្លោះផ្នែកសាសនា ព្រោះថា សង្គ្រាមផ្តើមចេញពីផ្នត់គំនិតរបស់មនុស្ស ដូច្នេះត្រូវទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយម។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នា ហើយធ្វើយ៉ាងណាកុំឲ្យកម្ពុជា មានជម្លោះសាសនាឲ្យសោះ ហើយនេះ គឺជាអ្វីដែលជាមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ជាពិសេសត្រូវទប់់ឲ្យបាន នូវភាពជ្រុលនិយម នៅក្នុងសាសនានីមួយៗ»។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋយើង មិនថាសាសនាព្រះពុទ្ធ, សាសនាអ៊ិស្លាម, សាសនាគ្រិស្ដ យើងប្រកាន់នូវសាសនា នៅតាមប្រភេទ ដែលមិនជ្រុលនិយម។

សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះថា ថ្នាក់ដឹកនាំសាសនាទាំងអស់ ប្រកាន់ជំហរសាមគ្គី ប្រកាន់ជំហរយោគយល់គ្នា ហើយសហគមន៍យើង នៅរស់ក្បែរគ្នា, ប្រជាពលរដ្ឋ កាន់សាសនាព្រះពុទ្ធ សាសនាឥស្លាម នៅភូមិជាប់គ្នា, ទៅរៀនសាលាជាមួយគ្នាសាលា ធ្វើកិច្ចការជាមួយគ្នា និងឱកាសជាមួយគ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា នៅក្នុងជួររាជរដ្ឋាភិបាល និងនៅក្នុងវិស័យឯកជន មិនមានប្រកាន់សាសនាណានោះទេ យើងមានថ្នាក់ដឹកនាំសាសនារបស់យើង កាន់ក្នុងតួនាទី កងកម្លាំងប្រដាប់អាវុធ និងនៅក្នុងតួនាទីរដ្ឋផ្សេងៗទៀត បានជោគជ័យទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមផ្តើមចេញ ពីផ្នត់គំនិតរបស់មនុស្ស ដូច្នេះត្រូវទប់ស្កាត់ រាល់ផ្នត់គំនិតជ្រុលនិយម ទាំងក្នុងសាសនា ទាំងក្នុងអាណាចក្រ ដើម្បីរួមគ្នា ធ្វើបុណ្យយោគយល់គ្នា ដើម្បីថែរក្សា សុខសន្ដិសុខ ស្ថេរភាព ដើម្បីទាំងអស់គ្នា ដើម្បីអនាគតយើងទាំងអស់គ្នា៕