Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីម្ចាស់អាជីវកម្មគួរជ្រើសរើសការប្រើប្រាស់កម្ចី ជាមួយធនាគារ ជាជាងកម្ចីក្រៅផ្លូវការ?

Media LNN | Jun 01, 2024
ហេតុអ្វីម្ចាស់អាជីវកម្មគួរជ្រើសរើសការប្រើប្រាស់កម្ចី ជាមួយធនាគារ ជាជាងកម្ចីក្រៅផ្លូវការ?
Clinic narith

កង្វះសាច់ប្រាក់ ឬដើមទុន ជាបញ្ហាប្រឈមមួយ ដែលប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មទូទៅ តែងតែជួបប្រទះនៅក្នុងជីវភាព និងការប្រកបអាជីវកម្ម។ កត្តានេះ បានជំរុញឲ្យម្ចាស់អាជីវកម្មមួយចំនួន ស្វះស្វែងរកប្រភពហិរញ្ញវត្ថុពីខាងក្រៅ ដើម្បីដោះស្រាយបញ្ហា ក្នុងការបង្វិលហិរញ្ញវត្ថុ។ ប៉ុន្ដែការជ្រើសរើសប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ត្រូវមានការគិតគូរឲ្យច្បាស់លាស់ និងត្រូវជៀសវាងការ ខ្ចីកម្ចីក្រៅផ្លូវការ ដែលមិនមានលិខិតអនុញ្ញាតិត្រឹមត្រូវ ដ្បិតវាត្រូវបានអ្នកជំនាញចាត់ទុកថា មធ្យោបាយហិរញ្ញវត្ថុដ៏គ្រោះថ្នាក់។

បើទោះបីជា វិស័យធនាគារ និងហិរញ្ញវត្ថុ​ បានរួមចំណែក​ផ្ដល់ប្រភពទុនកម្ចី ឬឥណទាន​ជាច្រើន សម្រាប់ដំណើរការអាជីវកម្ម​យ៉ាងណាក្ដី ប៉ុន្ដែម្ចាស់អាជីវកម្មមួយចំនួន នៅតែពិបាក ក្នុងការទទួលបានប្រាក់កម្ចី។ ទោះបីការទទួលបានឥណទាន ពីវិស័យធនាគារផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ឬដើម្បីបំពេញនូវតម្រូវការ ផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមុនពេលទទួលយកឥណទានណាមួយ អ្នកស្នើសុំឥណទានត្រូវចាំបាច់ពិចារណាឲ្យបានល្អិតល្អន់ ដើម្បីឲ្យប្រាកដថាមានលទ្ធភាពសងត្រឡប់មកវិញ និងចៀសផុត ពីបំណុលវណ្តក នៅពេលស្ថានភាពហិរញ្ញវត្ថុជួបនូវការប៉ះពាល់ជាអវិជ្ជមានណាមួយ។ នៅមានម្ចាស់អាជីវកម្មមួយចំនួន ទៅទទួលយកឥណទានក្រៅប្រព័ន្ធធនាគារ ដែលមិនមានការអនុញ្ញាតិពីអាជ្ញាធរ ដែលឥណទានទាំងនោះមានការយកការប្រាក់ខ្ពស់ និងមិនមានការរៀបចំគ្រប់គ្រងបានត្រឹមត្រូវ។

របាយការណ៍ពីធនាគារជាតិ នៃកម្ពុជា​បង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៣ ទំហំឥណទានសរុប ​ដែលវិស័យ​ស្ថានធនាគារ​​ បានផ្ដល់ទៅឲ្យអតិថិជន កើនដល់ ៥១ពាន់លាន​ដុល្លារ ស្មើនឹងអត្រា​កំណើនជិត ១៥% បើធៀបនឹងចុងឆ្នាំ២០២២។ ក្នុងនោះ ភាគច្រើននៃប្រាក់កម្ចីទាំងនោះ គឺត្រូវបានយក​ទៅ​ប្រើប្រាស់​​​ លើអាជីវកម្ម នៅក្នុង​វិស័យជាច្រើន ជាពិសេស​ក្នុងវិស័យជួញដូររាយ ​ដែលមានដល់ទៅ ១៧,៦% នៃទំហំឥណទានសរុប។ របាយការណ៍ដដែលនេះ បានបង្ហាញទៀតថា អនុបាតឥណទានមិនដំណើរការ (NPL) នៅក្នុងវិស័យ​ធនាគារ​ បានបន្ដ​កើនឡើងដល់ទៅ ៥,៤% នៅឆ្នាំ២០២៣។

ជាទូទៅ ការផ្ដល់កម្ចីក្រៅផ្លូវការ ឬកម្ចីខុសច្បាប់ទាំងនេះ អ្នកផ្ដល់កម្ចីពុំមានការសិក្សា ឬមានលក្ខខណ្ឌតម្រូវ​ច្រើននោះទេ ប៉ុន្ដែអត្រាការប្រាក់វិញ គឺមានខ្ពស់ខ្លាំង បើធៀបនឹង កម្ចីផ្លូវការ ដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ​ ដែលមានអាជ្ញាបណ្ណស្រ​បច្បាប់។

ធនាគារជាតិ​ នៃកម្ពុជា នាពេលកន្លងមក ​​ក៏បាន​ក្រើនរំឭកជារឿយៗ ​​ឲ្យពលរដ្ឋ​មានការប្រុងប្រយ័ត្ន និងជៀស​វាង​ការប្រើប្រាស់​សេវាហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ទាំងនេះ ហើយគប្បី​ប្រឹក្សា​ជាមួយគ្រឹះស្ថាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ ​ដែលមានអាជ្ញា​បណ្ណ​ត្រឹមត្រូវ សម្រាប់​ការស្វែងរកប្រាក់កម្ចី។

3
 

បើតាមលោក ហុង ជៀប នាយកសេវាហិរញ្ញវត្ថុពាណិជ្ជកម្ម នៃធនាគារ CIMB បានបញ្ជាក់ផងដែរថា កម្ចីពីធនាគារ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អតិថិជន ដែលរួមមានអត្រាការប្រាក់ល្អ រយៈពេលវែង និងទំហំបង់រំលោះទាបជាដើម។ ជាមួយនឹងការសិក្សា និងប្រឹក្សាយោបល់ច្បាស់លាស់របស់ធនាគារ ស្របទៅតាមអាជីវកម្មនីមួយៗ កម្ចីធនាគារគឺជាប្រភពទុនដ៏សុវត្ថិភាព ដែលអាចជំរុញដល់ភាពរីកចម្រើនរបស់ម្ចាស់អាជីវកម្ម និងបញ្ចៀសការខូចប្រវត្តិឥណទានរបស់ពួកគេផងដែរ៕