ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះ ដោយការលក់ និងការផ្ទេរប្រាក់នៅតែមានភាពអវិជ្ជមាននៅឡើយក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ខណៈដែលអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជំរុញឱ្យរដ្ឋាភិបាលថៃ ដាក់ចេញវិធានការបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិអចលនទ្រព្យ ខណៈវិស័យនេះជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ ដ៏សំខាន់មួយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ឌឹណេសិន។
នៅក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤ ទីផ្សារអចលនទ្រព្យថៃ បានធ្លាក់ចុះការលក់ចន្លោះពី២៥ ទៅ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនេះគឺជាកម្រិតទាបបំផុតក្នុងរយៈពេល១២ឆ្នាំ បើរាប់ចាប់តាំងពីវិបត្តិទឹកជំនន់ក្នុងឆ្នាំ២០១១។ យ៉ាងណាមិញបរិមាណនៃការផ្ទេរប្រាក់នៅថៃ ក៏មានការធ្លាក់ចុះស្ទើរគ្រប់វិស័យជាលើកដំបូងផងដែរ នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីអំណាចទិញរបស់អតិថិជនថៃ មានការធ្លាក់ចុះ។
លោក ប្រាសើត តែឌូឡាយ៉ាសាទីត (Prasert Taedullayasatit) ប្រធានសមាគមអគារខុនដូប្រទេសថៃ បាននិយាយថា អចលនទ្រព្យថៃ ត្រូវបានគេចាត់ទុកថា ជាអចលនទ្រព្យសកលដោយសារជនបរទេសមើលឃើញថា វាមានហេដ្ឋារចនាសម្ព័ន្ធល្អ មានសាលារៀន និងមានបរិក្ខារត្រឹមត្រូវ ដែលជារឿយៗត្រូវបានជនបរទេសទិញធ្វើជាផ្ទះទីពីរ ឬផ្ទះវិស្សមកាល។
លោក ប្រាសើត បានកត់សម្គាល់ក្នុងសិក្ខាសាលាមួយស្ដីពី«បំបែកបញ្ហាក្តៅក្នុងវិស័យអចលនទ្រព្យ»កាលពីថ្ងៃពុធថា អចលនទ្រព្យអាចជាកត្តាជំរុញដ៏សំខាន់ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បន្ទាប់មកវិស័យទេសចរណ៍។ ដូច្នេះគួរអភិវឌ្ឍគំរូស្រដៀងនឹងប្រទេសសិង្ហបុរី និងមជ្ឈិមបូព៌ា ដោយបង្កើតគម្រោងអចលនទ្រព្យខ្នាតធំដែលបង្កើតដោយមនុស្ស៕