Alynana Media Cambodia
Icon Collap
clinic narit

ព្រះបរមសព សម្តេច ទេព វង្ស ត្រូវបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងហើយ

Media LNN | Jun 03, 2024
ព្រះបរមសព សម្តេច ទេព វង្ស ត្រូវបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងហើយ
Clinic narith

 

(ភ្នំពេញ)៖ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ​ប្រា​រព្ធព្រះរាជពិធីថ្វាយព្រះភ្លើងហើយនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤ បន្ទាប់​ពី​ព្រះអង្គ​បាន​យាងចូលព្រះទិវង្គតហើយព្រះបរមសពត្រូវបានតម្កល់ទុករយ:ពេលជាង៣ខែ នៅ​វត្ត​ឧណ្ណាលោមដែលជាវត្តរបស់ព្រះអង្គស្តេចគង់នៅកាលនៅមានព្រះជន្ម ដើម្បី​ប្រារព្ធ​ព្រះរា​ជ​ពិធី​បុណ្យទ​ក្ខិណានុប្បទានតាមព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះវិញ្ញាណ​ក្ខន្ធ​របស់ព្រះអង្គ។

ក្រោយពីព្រះបរមសពបានដង្ហែចេញពីវត្តឧណ្ណាលោម មកកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បី​ប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​សម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិក​និកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចសង្ឃ មន្ត្រី​សង្ឃជាន់ខ្ពស់គ្រប់ឋានានុក្រម និង​ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​ព្រះវត្តមាន វត្តមានដ៏ខ្ពង់ខ្ពស់ របស់ប្រមុខថ្នាក់​ដឹកនាំកំពូលៗ​នៃ​ស្ថាប័នជាតិ គឺ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់គ្រប់ប្រភេទមកពីគ្រប់ក្រសួង ស្ថាប័ន បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

 

ព្រះវិយោគកថា និងព្រះជីវប្រវត្តិសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា អានដោយសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃពុទ្ធសាសនា ព្រះចៅអធិការវត្តវិមានតេជៈ (ហៅវត្តស្រះចក) បាន រំលេចពីព្រះគុណូបការ:ដ៏ធំធេងរបស់ព្រះអង្គក្នុងព្រះពុទ្ធសាសនានៅកម្ពុជាដែលព្រះអង្គបានខិតខំលះបង់បូជាចូលរួមទាំងក្នុងវិស័យព្រះពុទ្ធសាសនា និង​វិស័យ​អាណាចក្រ​ឱ្យ​ទទួល​បាន​ការ​រីក​ចម្រើន​រហូតមកដល់សព្វថ្ងៃហើយក៏បានយាងចូលរួម​ក្នុង​សកម្មភាព​ព្រះពុទ្ធ​សាសនា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដើម្បីចែករំលែកផ្លាស់ប្តូរការផ្សព្វផ្សាយចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​​លើឆាកជាតិ អន្តរជាតិផងដែរ។

 

សូមរម្លឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេច​ព្រះមហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង​១៧:៤០​នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕