(គូឡាឡាំពូ)៖ ក្រុមហ៊ុន Hernan Corporation ដែលជាក្រុមហ៊ុននាំចេញទុរេនធំជាងគេរបស់ម៉ាឡេស៊ី មានបំណងនាំចេញទុរេន ៣ម៉ឺនតោនទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ឆ្នាំខាងមុខដើម្បីបំពេញកំណើនតម្រូវការនៅទីនោះ។ នេះបើយោងតាមកាសែត VN Express របស់វៀតណម។
យោងតាមកាសែត VN Express ទីភ្នាក់ងារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama បានរាយការណ៍ដោយដកស្រង់សម្ដីលោក Yang Hon Shung នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Hernan Corporation ថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគទឹកប្រាក់ពី ៣០ ទៅ ៥០លានរីងហ្គីត (៦,៤ ទៅ ១០,៦លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីសាងសង់រោងចក្រកែច្នៃទុរេនថ្មីចំនួន ២កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជំរុញការនាំចេញ។
លោក Yang បានថ្លែងថា៖ «កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលទុរេនចំនួន ១,៣លានតោន ហើយតម្រូវការរំពឹងថានឹងកើនឡើងជារៀងរាល់ឆ្នាំពី ៥-៦%»។
លោកបានបន្ថែមថា អតិថិជនជនជាតិចិនចូលចិត្តទុរេនមូសាងឃីង និងទុរេនប្លេកថន (Black Thorn) ដែលជាពូជទុរេនដ៏ល្បីល្បាញមានប្រភពមកពីប្រទេសម៉ាឡេស៊ី។ លោក Yang បានឱ្យដឹងទៀតថា ក្រុមហ៊ុន Hernan សម្លឹងរកមលឱកាសពង្រីកទីផ្សារនៅឥណ្ឌា និងឥណ្ឌូណេស៊ី។
ក្រុមហ៊ុន Hernan បាននាំចេញទុរេនទៅកាន់ ២២ប្រទេស រួមទាំងអូស្ត្រាលី ចិន កោះតៃវ៉ាន់ សិង្ហបុរី និងវៀតណាម។ នេះបើយោងតាមកាសែត VN Express៕