ទីផ្សារខុនដូរ ដែលស្ថិតក្នុងចង្កោមនៃវិស័យអចលនទ្រព្យ នៅកម្ពុជា គឺជាទីផ្សារមួយដែលទទួលរងផលប៉ះពាល់ខ្លាំងកាលពីអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិជាសកលនានា។ទីផ្សារនេះ ត្រូវការ ការពឹងផ្អែកជាសំខាន់លើការវិនិយោគដែលមានប្រភពពីខាងក្រៅ។ តើទីផ្សារខុនដូរនៅកម្ពុជា មានស្ថានភាពបែបណា នៅក្នុងរយៈពេល៥ខែមកនេះ?
លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia សង្កេតឃើញថា ទីផ្សារខុនដូរ ក្នុង រយៈពេល៥ ខែមកនេះ ពុំមានអ្វីប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ទេ ប៉ុន្តែវិស័យនេះស្ថិតក្នុងស្ថានភាពនៃការទិញលក់ជាធម្មតា ហើយភាគច្រើននៃការទិញលក់ គឺជាអតិថិជនមកពីបរទេស។
លោកបានបន្តថា ទោះបីស្ថានភាពនៃទីផ្សារខុនដូរ ពុំទាន់កម្រើកខ្លាំងដូចមុនពេលជួបវិបត្តិក៏ពិតមែន ប៉ុន្តែមានគម្រោងខុនដូរចំនួន២ បានបើកដំណើរការ នៅក្នុងឆ្នាំ២០២៤នេះ។ទន្ទឹមនេះ អ្នកជំនាញរូបនេះ មានក្ដីរំពឹងថា វិស័យអចលនទ្រព្យនឹងមានភាពប្រសើរឡើងវិញនាពេលខាងមុខ ដ្បិតវិស័យនេះ គឺជាវិស័យដ៏ធំមួយដែលជួយជំរុញដល់សេដ្ឋកិច្ចជាតិ។
តើអ្វីជាបញ្ហាប្រឈមរបស់ទីផ្សារខុនដូរ?ឆ្លើយតបនឹងសំណួរនេះ លោក ខន គង្គា បានគូសបញ្ជក់ថា បញ្ហាប្រឈម គឺមានពាក់ព័ន្ធនឹងវិស័យចូលរួមមួយចំនួន ក្នុងនោះមានទេសចរណ៍ ហិរញ្ញវត្ថុ ទំនុកចិត្តក្នុងការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធជាដើម។
ជុំវិញស្ថានភាពនៃវិស័យអចលនទ្រព្យនេះដែរ លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា មកទល់ពេលនេះ ស្ថានភាពវិស័យខុនដូរពុំទាន់មានអ្វីប្រែប្រួលខុសប្លែកពីឆ្នាំ២០២៣នោះទេ ប៉ុន្តែលោកសង្កេតឃើញថា ទីផ្សារខុនដូរនៅតែមានសកម្មភាពទិញ លក់ទៅតាមផ្នែក ដែលមានតម្លៃក្នុងរង្វង់៥ម៉ឺនដុល្លារចុះក្រោម ហើយតម្លៃលើសពីនេះ គឺពិបាកក្នុងការលក់ចេញ លុះត្រាតែមានការបញ្ចុះតម្លៃពិសេសណាមួយ។បើតាមអ្នកជំនាញ រូបនេះ វិស័យអចលនទ្រព្យ នៅតែបន្តប្រឈមបញ្ហាដោយសារតែការរឹតបន្តឹងប្រព័ន្ធហិរញ្ញវត្ថុ និងការប្រែប្រួលស្ថានការណ៍ក្នុងតំបន់និងពិភពលោក។
បើយោងតាមការស្រាវជ្រាវពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២៣ មានប្រហែល ៣ម៉ឺនយូនីត ឬស្មើនឹងជិត១០០ អគារ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថានឹងអាចកើនដល់ប្រមាណ ៨ម៉ឺនយូនីត នៅឆ្នាំ២០២៥ ខាងមុខ៕