អ្នកជំនាញបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កាន់តែពឹងផ្អែកខ្លាំងលើប្រទេសចិន ចាប់តាំងពីបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ។
លោកស្រី អាឡិចសានដ្រា ប្រូកូប៉េនកូ(Alexandra Prokopenko) នៅមជ្ឈមណ្ឌល ខានីជី រុស្ស៊ី អាស៊ីអឺរ៉ុប(Carnegie Russia Eurasia) និយាយថា ទណ្ឌកម្ម បានធ្វើឱ្យប្រទេសចិន ក្លាយជាដៃគូ ដែលពុំអាចជំនួស បានសម្រាប់ប្រទេសរុស្ស៊ី។
អ្នកស្រាវជ្រាវ បានគូសបញ្ជាក់ថា ប្រទេសចិន នាពេលបច្ចុប្បន្ននេះ គឺជាដៃគូពាណិជ្ជកម្មលេខមួយរបស់ប្រទេសរុស្ស៊ី និងជាអ្នកជួយសង្គ្រោះ ក្នុងការនាំចូល និងនាំចេញ។
លោកស្រី បាននិយាយបន្ថែមថា រុស្ស៊ី អាចក្លាយជាអ្នកពឹងពាក់អាស្រ័យលើប្រទេសចិន ដោយសារសេដ្ឋកិច្ចរបស់ចិនធំជាងរុស្ស៊ីច្រើន។
លោកស្រី Prokopenko ក៏គិតផងដែរថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច នឹងមានផលប៉ះពាល់រយៈពេលវែង ខណៈពួកគេនឹងដាក់ឧបសគ្គបន្ថែមទៀត លើការអភិវឌ្ឍន៍របស់ប្រទេសរុស្ស៊ី។